បរទេស៖ កាលពីថ្ងៃព្រហស្បតិ៍ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋាភិបាលបានរាយការណ៍ថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានត្រួតពិនិត្យការបាញ់បង្ហោះកាំជ្រួចយុទ្ធសាស្ត្រមានរយៈ ចម្ងាយឆ្ងាយចំនួន ០២គ្រាប់ ដោយហៅថា ជាការសាកល្បងដើម្បីបញ្ជាក់ពីភាពជឿជាក់ និងប្រតិបត្តិការនៃអាវុធមានសមត្ថភាពនុយក្លេអ៊ែរដែលដាក់ពង្រាយដល់អង្គភាពយោធា។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋាភិបាលដែលមានឈ្មោះថា Korea Central News Agency(KCNA) បាននិយាយថា ការបាញ់សាកល្បងនេះ ត្រូវបានធ្វើឡើងកាលពីថ្ងៃពុធ ហើយមានគោលបំណងដើម្បី “បង្កើនប្រសិទ្ធភាពប្រយុទ្ធ និងអនុភាព” របស់គ្រាប់មីស៊ីល ដែលត្រូវបានដាក់ពង្រាយទៅឲ្យកងទ័ព ប្រជាជនកូរ៉េ “សម្រាប់ប្រតិបត្តិការយុទ្ធសាស្ត្រអាវុធនុយក្លេអ៊ែរ”។
យោងតាម KCNA បានឲ្យដឹងថា មេដឹកនាំគីម ជុងអ៊ុន បាននិយាយថា ប្រទេសនេះ “គួរតែបន្តពង្រីក ផ្នែកប្រតិបត្តិការរបស់កងកម្លាំង ប្រដាប់អាវុធយុទ្ធសាស្ត្រនុយក្លេអ៊ែរ ដើម្បីដោះស្រាយឲ្យបានម៉ឺងម៉ាត់ ចំពោះវិបត្តិយោធា និងវិបត្តិសង្គ្រាមនៅពេលណាមួយ និងត្រូវធ្វើមុនពេលដែលវិបត្តិនោះកើតមាន” ដោយសង្កត់ធ្ងន់ថា ការបាញ់សាកល្បងនេះគឺជាការព្រមានយ៉ាងច្បាស់មួយទៀតដល់ “សត្រូវ”។
នៅថ្ងៃច័ន្ទ KCNA បាននិយាយថា លោក Kim បានដឹកនាំសមយុទ្ធអាវុធនុយក្លេអ៊ែរសំដៅលើ ប្រទេសកូរ៉េខាងត្បូង ក្នុងការតវ៉ាកាលពីរយៈពេលពីរសប្តាហ៍កន្លងទៅនេះ ទៅលើសមយុទ្ធរួម កាលពីពេលថ្មីៗនេះរវាងកងទ័ពជើងទឹកកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកពាក់ព័ន្ធនឹងនាវាដឹកយន្តហោះ ៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ