បរទេស៖ រហូតមកដល់ពេលនេះ ប្រទេសឥណ្ឌាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTAs) ចំនួន១៣ ជាមួយដៃគូពាណិជ្ជកម្មរបស់ខ្លួន រួមទាំងប្រទេសដែលជាសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ក្នុងគោលបំណងលើកកម្ពស់ទំនាក់ទំនងពាណិជ្ជកម្មអន្តរជាតិ។
អាស៊ានជាតំបន់សំខាន់មួយសម្រាប់ឥណ្ឌា។ ភាគីទាំងពីរបានចែករំលែកភាពស្រដៀងគ្នាជាច្រើនទាក់ទងនឹងវប្បធម៌ និងសាសនា។ ទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគរវាងឥណ្ឌា និងអាស៊ានក៏មានការរីកចម្រើនផងដែរក្នុងទសវត្សរ៍កន្លងមក ដោយសារគោលនយោបាយសម្លឹងទៅភាគខាងកើតរបស់ប្រទេសឥណ្ឌា។ ពាណិជ្ជកម្មទ្វេភាគីបានកើនឡើងដល់តម្លៃ ១១០,៤ប៊ីលានដុល្លារអាម៉េរិកក្នុងឆ្នាំ២០២១-២០២២ ដោយសារកិច្ចព្រមព្រៀងសំខាន់ៗមួយចំនួនដែលបានចុះហត្ថលេខារវាងភាគីទាំងពីរ។
ប្រទេសឥណ្ឌា និងអាស៊ានបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយកាលពីក្នុងឆ្នាំ២០០៣ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌាលើកទី២ ដែលបានបង្កើតមូលដ្ឋានសម្រាប់ភាគីទាំងពីរសម្រាប់កិច្ចចរចា និងចុះហត្ថលេខាលើ FTA ស្តីពីទំនិញ សេវាកម្ម និងការវិនិយោគ រួមទាំងកិច្ចព្រមព្រៀងពាណិជ្ជកម្មអាស៊ាន-ឥណ្ឌាស្តីពីទំនិញ (AITIGA) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មអាស៊ាន-ឥណ្ឌាស្តីពីការវិនិយោគ និងសេវាកម្មផងដែរ។
ដោយសារពាណិជ្ជកម្ម និងការវិនិយោគគឺជាវិស័យអាទិភាពនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងអាស៊ាន និងឥណ្ឌា បានធ្វើឱ្យកិច្ចព្រមព្រៀង AITIGA ដែលត្រូវបានចុះហត្ថលេខាកាលពីក្នុងឆ្នាំ២០០៩ នៅតែបន្តឈានមុខគេក្នុងការចូលរួមនៅក្នុងទំនាក់ទំនងនៃវិស័យទាំងនោះ។
ចាប់តាំងពីកិច្ចព្រមព្រៀង AITIGA ចូលជាធរមានកាលពីក្នុងខែមករា ឆ្នាំ២០១០ ពាណិជ្ជកម្មរវាងអាស៊ាន និងឥណ្ឌាបានកើនឡើងគួរឱ្យកត់សម្គាល់ជាមួយនឹងការកើនឡើង ២៣% នៃការនាំចេញ និង ៥៥% នៃការនាំចូល ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ។ ការនាំចូលបានកើនឡើងជាពិសេសពីប្រទេសកម្ពុជា សិង្ហបុរី និងវៀតណាម៕
ប្រភព៖ ក្រសួងព័ត៌មាន