បរទេស៖ អត្រាអតិផរណានៅក្នុងប្រទេសឡាវបានកើនឡើងពី ៣០,០១% កាលពីក្នុងខែសីហា ឆ្នាំ២០២២ ដល់ចំនួន ៣៤% នៅក្នុងខែកញ្ញា។ នេះបើយោងតាមការិយាល័យស្ថិតិឡាវ។ កម្រិតខ្ពស់ក្នុងរយៈពេល ២២ឆ្នាំកន្លងមកនេះ គឺបណ្តាលមកពីការកើនឡើងនៃតម្លៃអាហារ ឱសថ ប្រេងឥន្ធនៈ និងទំនិញប្រើប្រាស់ផ្សេងៗទៀត។ អតិផរណាក្នុងប្រទេសឡាវបានកើនឡើងយ៉ាងខ្លាំងចាប់តាំងពីឆ្នាំ២០២១ មក ហើយឥឡូវនេះប្រទេសនេះមានអត្រាអតិផរណាខ្ពស់បំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
យោងតាមការិយាល័យនេះបានឱ្យដឹងថា ផលិតភាពទាប និងការពឹងផ្អែកខ្លាំងរបស់ឡាវទៅលើការនាំចូលក៏ជាហេតុផលនៅពីក្រោយការកើនឡើងជាបន្តបន្ទាប់នៃសន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ផងដែរ។
រូបិយប័ណ្ណគីបរបស់ប្រទេសឡាវចុះខ្សោយ និងកំណើនតម្រូវការរូបិយប័ណ្ណបរទេសដែលត្រូវការដើម្បីនាំចូលទំនិញ និងការសងបំណុល ជាកត្តាជំរុញមួយទៀតនៃអតិផរណា។ ប្រាក់គីបនៅតែបន្តធ្លាក់ចុះ បើទោះបីជារដ្ឋាភិបាលបានព្យាយាមគ្រប់គ្រងអត្រាប្តូរប្រាក់ក៏ដោយ។
លើសពីនេះទៀត ទឹកជំនន់បានបំផ្លាញដំណាំ និងទ្រព្យសម្បត្តិផ្សេងៗទៀតដែលជំរុញឱ្យមានតម្រូវការអាហារកាន់តែច្រើននៅទីផ្សារក្នុងស្រុក។ កាលពីក្នុងខែកញ្ញា តម្លៃអាហារ និងភេសជ្ជៈបានកើនឡើង ៤,៩% ពីមួយខែទៅមួយខែ និង ៣៥,៥% ពីមួយឆ្នាំទៅមួយឆ្នាំ។ ការកើនឡើងតម្លៃក្នុងប្រភេទនេះត្រូវបានជំរុញដោយតម្លៃអង្ករដែលឡើងថ្លៃដែលបានកើនឡើង ៤៥,៣% ពីមួយឆ្នាំទៅមួយឆ្នាំ៕
ប្រភព៖ ក្រសួងព័ត៌មាន