ការធ្លាក់ចុះរូបិយប័ណ្ណគីបរបស់ឡាវ ធ្វើអោយប៉ះពាល់ដល់សេដ្ឋកិច្ចប្រទេស

0

បរទេស៖ យោងតាមរបាយការណ៍ថ្មីរបស់ធនាគារអភិវឌ្ឍអាស៊ី (ADB) បានឱ្យដឹងថា តម្លៃនៃរូបិយប័ណ្ណគីបរបស់ឡាវបានធ្លាក់ចុះ ៣៧,៤% បើធៀបទៅនឹងប្រាក់ដុល្លារអាម៉េរិក និង ៣២,៩% បើធៀបទៅនឹងប្រាក់បាតថៃ នៅក្នុងទីផ្សារផ្លូវការចាប់ពីខែមករាដល់ខែសីហា។

ការបន្តធ្លាក់ថ្លៃនៃប្រាក់គីបឡាវត្រូវបានផ្សារភ្ជាប់ទៅនឹងការផ្គត់ផ្គង់-តម្រូវការមិនស៊ីគ្នានៃរូបិយប័ណ្ណបរទេសដែលដាក់សម្ពាធលើក្រុមហ៊ុននាំចូល និងការកើនឡើងអតិផរណា។ ការធ្លាក់ថ្លៃរូបិយប័ណ្ណនេះក៏ មានផលប៉ះពាល់អវិជ្ជមានដល់សេដ្ឋកិច្ចឡាវផងដែរ ដែលជំរុញឱ្យ តម្លៃផលិតផលឡើងថ្លៃនិងបង្កើតភាពលំបាក បន្ថែមទៀតសម្រាប់ប្រជាជនក្រីក្រ។

យោងតាមរបាយការណ៍នេះបានឱ្យដឹងថា អត្រាអតិផរណាពីមួយឆ្នាំទៅមួយឆ្នាំកាលពីក្នុងខែសីហាមានកម្រិតខ្ពស់ក្នុងរយៈពេល ២២ឆ្នាំកន្លងមកនេះ គឺ ៣០%។ អត្រាជាមធ្យមមានចំនួន ១៥,៥% ក្នុងរយៈពេលប្រាំបីខែដំបូងនៃឆ្នាំ២០២២។

តម្លៃប្រេងឥន្ធនៈត្រូវបានកើនឡើង ១៣ដងចាប់ពីខែមករាដល់ខែកញ្ញា ដែលបណ្តាលឱ្យតម្លៃប្រេងម៉ាស៊ូតកើនឡើង ៩០,៣% និងតម្លៃសាំងកើនឡើង ៦២,៣%៕

ប្រភព៖ ក្រសួងព័ត៌មាន