បាត់ដំបង ៖ នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង០៦និង១២នាទី នៅចំណុចភូមិអូរតាគី ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង មានករណីមនុស្សលង់ទឹកស្លាប់ចំនួន០១ករណី ។ ជនរងគ្រោះឈ្មោះ រឿន ណាវ ភេទប្រុស អាយុ៥០ឆ្នាំ មានទីលំនៅភូមិអូរតាគី ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង ។
លោកវរសេនីយ៍ទោ សេង លុច អធិការនគរបាលស្រុកថ្មគោល បានចាត់កម្លាំងចុះពិនិត្យទីកន្លែងហេតុ និងសាកសព ព្រមទាំងសាកសួរបំភ្លឺសាក្សីជុំវិញកន្លែងកើតហេតុ ។ ក្រុមការងារបានធ្វើការសន្និដ្ឋានបានថា ជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន ។ មូលហេតុ ផឹកស្រាស្រវឹងដើរឆ្លងទឹកអូរ ។ បច្ចុប្បន្ន សាកសពជនរងគ្រោះត្រូវបានប្រគល់ជូនទៅឲ្យក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ