បរទេស៖ ការិយាល័យរបស់លោក យូន ប្រធានាធិបតីកូរ៉េខាងត្បូងបាននិយាយកាលពីថ្ងៃពុធថា លោកប្រធានាធិបតី យូន ស៊ុកយុល និងនាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វ៊ូមីអូ គីស៊ីដា គ្រោងនឹងជួបពិភាក្សាគ្នាតាមទូរស័ព្ទនៅក្នុងសប្តាហ៍នេះ ចំពេលដែលកំពុងមានភាពតានតឹងដែលបណ្តាលមកពីការបាញ់គ្រាប់កាំជ្រួចផ្លោងរយៈចម្ងាយមធ្យម (IRBM) របស់កូរ៉េខាងជើងកាលពីពេលថ្មីៗនេះ។
កិច្ចសន្ទនាតាមទូរស័ព្ទនេះគ្រោងនឹងធ្វើឡើងនៅថ្ងៃព្រហស្បតិ៍នេះ នៅរយៈពេលពីរថ្ងៃបន្ទាប់ពីកូរ៉េខាងត្បូងបានបាញ់គ្រាប់មីស៊ីលរំលងប្រទេសជប៉ុនហើយធ្លាក់ចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ដែលជាការបាញ់គ្រាប់មីស៊ីល IRBM លើកដំបូងរបស់ខ្លួនក្នុងរយៈពេលប្រាំបីខែកន្លងមកនេះ។
លោក យូន និងលោក គីស៊ីដា ត្រូវបានគេរំពឹងថានឹងពិភាក្សាគ្នាអំពីការឆ្លើយតបរួមគ្នាចំពោះការវិវត្តនៃការគំរាមកំហែងអាវុធនុយក្លេអ៊ែរ និងគ្រាប់កាំជ្រួចមីស៊ីល។
មេដឹកនាំទាំងពីរបានជួបគ្នាលើកចុងក្រោយនៅក្នុងអំឡុងពេលនៃមហាសន្និបាតអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉កកាលពីខែមុន ហើយបានព្រមព្រៀងគ្នាទៅលើតម្រូវការនៃការកែលម្អទំនាក់ទំនងទ្វេភាគីដែលមានភាពតានតឹងជុំវិញប្រវត្តិសាស្ត្រសម័យសង្គ្រាម និងបញ្ហាផ្សេងៗទៀត។
ទីក្រុងសេអ៊ូល ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតូក្យូនាពេលថ្មីៗនេះ បាននិងកំពុងបង្កើនការសម្របសម្រួលផ្នែកសន្តិសុខ ចំពេលដែលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងថា ទីក្រុងព្យុងយ៉ាងអាចបង្កើនភាពតានតឹងបន្ថែមទៀត តាមរយៈអ្វីដែលនឹងក្លាយជាការសាកល្បងអាវុធនុយក្លេអ៊ែរលើកទីប្រាំពីររបស់ខ្លួន ឬសកម្មភាពបង្កហេតុផ្សេងៗទៀត៕
ប្រភព៖ ក្រសួងព័ត៌មាន