បរទេស៖ កាលពីថ្ងៃពុធ ប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកបានបាញ់គ្រាប់មីស៊ីលចំនួន ៤គ្រាប់ទៅកាន់សមុទ្រខាងកើត នៅក្នុងសមយុទ្ធរួមគ្នានៅមួយថ្ងៃបន្ទាប់ពីការបាញ់គ្រាប់មីស៊ីលផ្លោងរយៈចម្ងាយមធ្យម (IRBM) របស់ប្រទេសកូរ៉េខាងជើង។ នេះបើយោងតាមយោធាកូរ៉េខាងត្បូង។
អគ្គសេនាធិការចម្រុះ (JCS) បាននិយាយថា ភាគីទាំងពីរបានបាញ់គ្រាប់មីស៊ីល Tactical Missile System (ATACMS) ចំនួន ២គ្រាប់រៀងខ្លួន ដែលបាញ់ចំគោលដៅ និងបង្ហាញពីសមត្ថភាពរារាំងរបស់សម្ព័ន្ធមិត្ត។
កាលពីថ្ងៃអង្គារ កូរ៉េខាងជើងបានបាញ់គ្រាប់មីស៊ីល IRBM ចេញពីទីក្រុងមូពីយ៉ុង-រី ក្នុងខេត្តចាហ្កាងនៅភាគខាងជើងរបស់ខ្លួន ដែលជាការបាញ់គ្រាប់មីស៊ីល IRBM ជាលើកដំបូងក្នុងរយៈពេលប្រាំបីខែ។ គ្រាប់មីស៊ីលនោះបានហោះជុំវិញប្រទេសជប៉ុនក្នុងចម្ងាយ ៤ ៦០០គីឡូម៉ែត្រ ហើយបានធ្លាក់នៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក។
JCS បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយដោយមិនបានបញ្ជាក់ពីទីតាំង និងកាលបរិច្ឆេទពិតប្រាកដនៃសមយុទ្ធនោះថា សម្ព័ន្ធមិត្តកំពុងរក្សាការត្រៀមខ្លួនពេញលេញ ចំពេលដែលមានលទ្ធភាពនៃការបង្កហេតុបន្ថែមដោយកូរ៉េខាងជើង។ អ្នកស្រុកនៅក្នុង និងជុំវិញទីក្រុងឆ្នេរសមុទ្រភាគខាងកើតនៃទីក្រុង Gangneung បាននិយាយថា ពួកគេបានឃើញពន្លឺដ៏ភ្លឺមួយ និងបានឮសំឡេងលាន់ឮយ៉ាងខ្លាំងចេញពីកន្លែងសមយុទ្ធនៅវេលាម៉ោងប្រហែល ១:០០យប់រំលងអាធ្រាត្រ។
ទន្ទឹមនឹងនេះដែរ យោធាកូរ៉េខាងត្បូងបានបាញ់គ្រាប់មីស៊ីលផ្លោង Hyunmoo-2C មួយគ្រាប់ ប៉ុន្តែវាបានធ្លាក់នៅខាងក្នុងមូលដ្ឋាន បន្ទាប់ពីមានការហោះហើរខុសប្រក្រតី។ មន្ត្រី JCS ម្នាក់បាននិយាយក្នុងលក្ខខណ្ឌអនាមិកថា ក្បាលគ្រាប់របស់វាត្រូវបានរកឃើញនៅចម្ងាយប្រហែល ១គីឡូម៉ែត្រពីចំណុចបាញ់បង្ហោះ ហើយមានចម្ងាយត្រឹមតែ ៧០០ម៉ែត្រពីផ្ទះជនស៊ីវិលដែលនៅជិតបំផុត។ មិនទាន់មានរបាយការណ៍ណាមួយអំពីការរងរបួសទេ ខណៈដែលយោធាកំពុងពិនិត្យរកមូលហេតុពិតប្រាកដនៃឧបទ្ទវហេតុនេះ៕
ប្រភព៖ ក្រសួងព័ត៌មាន