រកឃើញមូលហេតុមួយ ដែលធ្វើអោយមានអ្នកស្លាប់ជិត ២០០នាក់ ក្នុងហេតុការណ៍អ្នកគាំទ្របាល់ទាត់ប៉ះទង្គិចគ្នា

0

បរទេស៖ ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo បាននិយាយថាទ្វាររបងដែលចាក់សោរគឺជាចំណែករួមផ្សំដែលបង្ករជាវិនាសកម្មរត់ជាន់គ្នាស្លាប់ក្រោយហេតុការប៉ះទង្គិចគ្នានៅឯកីឡដ្ឋានបាល់ទាត់ ដែលបានបណ្តាលឲ្យមនុស្សជាង១00នាក់ស្លាប់ និងជាង៤០០នាក់រងរបួស។ គ្រោះមហន្តរានៅកីឡដ្ឋានបាល់ទាត់ Kanjuruhan ក្នុងទីក្រុង Malang ភាគខាងកើតខេត្តចាវ៉ាកាលពីថ្ងៃសៅរ៍គឺកើតឡើងនៅពេលដែលក្រុមប៉ូលិសបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកនិងការព្យាយាមរត់ចេញរបស់ក្រុមអ្នកគាំទ្រក្នុងស្ថានភាពភ័យស្លន់ស្លោ។ លោក Widodo បានថ្លែងបែបនេះ បន្ទាប់ពីរូបលោកបានធ្វើដំណើរទៅ ត្រួតពិនិត្យបរិវណកីឡដ្ឋានដោយផ្ទាល់ភ្នែកនៅកន្លែងកើតហេតុនៃគ្រោះមហន្តរាយដ៏សាហាវបំផុតក្នុងពិភពលោកនៃព្រឹត្តិ ការណ៍កីឡាបាល់ទាត់មួយនេះ។

លោកក៏បានទៅសួរសុខទុក្ខជនរងគ្រោះដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យទូទៅ Saiful Anwar និងបានសន្យាថានឹងមានការស៊ើបអង្កេតយ៉ាងម៉ត់ចត់ទៅលើអ្វីដែលបានកើតឡើងចំពោះពួកគេ។ ប៉ូលិសបានបន្តថាចំពោះច្រកទ្វារដែលបើក ប៉ុន្តែវារួមតូចចង្អៀតពេក ហើយអាចឲ្យមនុស្សដើរចេញចូលបានត្រឹមតែពីរនាក់ប៉ុណ្ណោះនៅពេលដែលមនុស្សរាប់រយនាក់ព្យាយាមរត់គេចនោះ។

ចំណែកសមាគមបាល់ទាត់ជាតិរបស់ប្រទេសឥណ្ឌូណេស៊ី បាននិយាយពីបញ្ហាមួយទៀតគឺដោយសារតែខ្វះកម្មករធ្វើការនៅច្រកចេញចូលហើយមានមនុស្សតែពីរ-បីនាក់ដែលទទួលបញ្ជាឱ្យរង់ចាំបើកទ្វារចេញចូលហើយពួកគេពីរ-បីនោះមិនទាន់បានទៅដល់ច្រកទ្វាចេញចូលនៅឡើយទេ នៅពេលដែលអ្នកទស្សនាចាប់ផ្តើមប្រញាប់ប្រញាល់រត់ចេញទៅក្រៅទីលានដើម្បីគេចឧស្ម័នបង្ហូរទឹកភ្នែកដែលបានបាញ់ដោយប៉ូលីសក្នុងគោលបំណងដើម្បីគ្រប់គ្រងអ្នកគាំទ្រដែលសម្រុករត់ចូលមកលើទីលានកីឡដ្នាន ពេលចប់ការប្រកួត៕

ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា