បរទេស៖ សាលាក្រុងបាងកកកំពុងលើកទឹកចិត្តដល់ការិយាល័យនានាដើម្បីអនុញ្ញាតឱ្យនិយោជិតរបស់ពួកគេធ្វើការងារពីផ្ទះនៅក្នុងសប្តាហ៍នេះ ដើម្បីជៀសវាងហានិភ័យនៃគ្រោះទឹកជំនន់ និងការកកស្ទះចរាចរណ៍ដោយសារតែភ្លៀងធ្លាក់ខ្លាំង។
រដ្ឋបាលទីក្រុងបាងកក (BMA) ថ្ងៃនេះបានផ្តល់បច្ចុប្បន្នភាពស្តីពីកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការកាត់បន្ថយទឹកជំនន់ ដោយសារផ្នែកជាច្រើននៃទីក្រុងបាងកកត្រូវបានជន់លិចយ៉ាងខ្លាំង។ ឥឡូវនេះ ទីក្រុងកំពុងស្នើសុំឱ្យការិយាល័យការងារនានាអនុញ្ញាតឱ្យនិយោជិតរបស់ពួកគេធ្វើការងារពីផ្ទះពេញមួយសប្តាហ៍ដែលនៅសល់ ឬអនុញ្ញាតឱ្យនិយោជិតរបស់ពួកគេចាកចេញពីការិយាល័យលឿនជាងធម្មតា។
អភិបាលរងទីក្រុងបាងកក លោក តាវីដា កាម៉ូលវេជ បាននិយាយថា បាវខ្សាច់ត្រូវបានដាក់នៅតាមទីតាំងជាច្រើនដើម្បីជួយសម្រួលស្ថានភាពនេះ ខណៈដែលមធ្យោបាយធ្វើដំណើរនឹងត្រូវបានផ្តល់ជូនដើម្បីជួយពួកគេទៅផ្ទះដោយសុវត្ថិភាព។
BMA ឥឡូវនេះកំពុងធ្វើការងារជាមួយក្រុមយោធាដើម្បីផ្តល់យានជំនិះនៅតំបន់ដែលប្រឈមនឹងទឹកជំនន់ ដូចជាតំបន់ដនមឿង ឡាក់ស៊ី និងបាងខេន។ ទីក្រុងនឹងផ្តល់សេវាទាំងនេះឱ្យបានញឹកញាប់តាមដែលអាចធ្វើទៅបាន។ BMA ក៏កំពុងធ្វើការងារជាមួយបណ្តាមហាវិទ្យាល័យបច្ចេកទេស ដើម្បីផ្តល់សេវាថែទាំរថយន្តដែលរងការខូចខាតដោយទឹកជំនន់ផងដែរ។
អភិបាលទីក្រុងបាងកក លោក ឆាដឆាត សិទ្ធីពុន បាននិងកំពុងសម្របសម្រួលជាមួយខេត្តប៉ាធុមថានី និងនាយកដ្ឋានធារាសាស្ត្រ ដើម្បីបង្វែរ និងបង្ហូរទឹកពីភាគខាងជើងឱ្យបានលឿនតាមដែលអាចធ្វើទៅបាន ដើម្បីការពារទឹកជំនន់ក្នុងទីក្រុង៕
ប្រភព៖ ក្រសួងព័ត៌មាន