បរទេស៖ កាលពីថ្ងៃទី៤ ខែតុលា គណៈកម្មាធិការចម្រុះនៃគណៈកម្មការទន្លេមេគង្គ (MRC) បានអនុម័តទៅលើឯកសារសំខាន់មួយ ដែលបញ្ជាក់ពីគោលការណ៍ណែនាំសម្រាប់ការរចនារៀបចំគម្រោងវារីអគ្គិសនី ដើម្បីកាត់បន្ថយផលប៉ះពាល់ដល់ប្រព័ន្ធអេកូឡូស៊ី និងសហគមន៍នៅតាមដងផ្លូវទឹកដ៏ធំបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
ក្រៅពីការណែនាំអំពីការរចនារៀបចំបឋម (PDG) ដែលបានកែសម្រួលនោះ គណៈកម្មាធិការនោះក៏បានព្រមព្រៀងទៅលើគោលការណ៍ណែនាំស្តីពីការវាយតម្លៃផលប៉ះពាល់បរិស្ថានឆ្លងដែន (TbEIA) ដែលបម្រើដល់ការវាស់វែងអំពីរបៀបដែលគម្រោងប៉ះពាល់ដល់តំបន់ជិតខាង។ កិច្ចព្រមព្រៀងនោះនឹងអនុញ្ញាតឱ្យ TbEIA ត្រូវបានសាកល្បង និងអនុវត្តដោយបណ្តាប្រទេស និងអ្នកអភិវឌ្ឍនានាដោយមានការគាំទ្របច្ចេកទេសពី MRC។
យោងតាមនាយកប្រតិបត្តិនៃលេខាធិការដ្ឋាន MRC លោកបណ្ឌិត អានូឡាក់ គីតទីឃូន បានឱ្យដឹងថា នេះគឺជារបកគំហើញជាប្រវត្តិសាស្ត្រសម្រាប់កិច្ចសហប្រតិបត្តិការ MRC បន្ទាប់ពីកិច្ចពិភាក្សាជាច្រើនឆ្នាំកន្លងមក។
លោក គីតទីឃូន បាននិយាយថា PDG កំពុងជំរុញឆ្ពោះទៅរកគម្រោងដែលមានប្រសិទ្ធភាពទាំងសេដ្ឋកិច្ច និងបរិស្ថាន កិច្ចការពារធនធានទន្លេ ក៏ដូចជាការការពារជីវភាពរស់នៅរបស់ប្រជាជន។ គណៈកម្មាធិការចម្រុះរបស់ MRC មានកិច្ចប្រជុំពីរដងក្នុងមួយឆ្នាំ ដើម្បីពិភាក្សាអំពីការគ្រប់គ្រង ការរៀបចំ និងកិច្ចសហប្រតិបត្តិការ៕
ប្រភព៖ ក្រសួងព័ត៌មាន