បរទេស៖ កូរ៉េខាងត្បូង និងយោធាអាមេរិក បានធ្វើសមយុទ្ធបាញ់គ្រាប់មីស៊ីលដើម្បីឆ្លើយតបទៅនឹងការបាញ់មីស៊ីលផ្លោងរបស់កូរ៉េខាងជើង ពីលើប្រទេសជប៉ុន ខណៈដែលក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិត្រៀមជួបប្រជុំគ្នាអំពីការសាកល្បងរបស់ទីក្រុងព្យុងយ៉ាង។
នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី០៥ ខែតុលា។ ប្រទេសកូរ៉េខាងជើងប្រដាប់ដោយអាវុធនុយក្លេអ៊ែរ បានបាញ់សាកល្បងមីស៊ីលផ្លោងរយៈចម្ងាយមធ្យម (IRBM) ឆ្ងាយជាងពេលមុនៗកាលពីថ្ងៃអង្គារ ដោយបានបាញ់ឆ្លងពីលើប្រទេសជប៉ុនជាលើកដំបូងក្នុងរយៈពេល ៥ឆ្នាំ និងបានជំរុញឱ្យប្រជាជននៅទីនោះមានការប្រុងប្រយ័ត្ន។ អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូងបាននិយាយកាលពីថ្ងៃពុធថា កងទ័ពកូរ៉េខាងត្បូង និងអាមេរិកបានបាញ់មីស៊ីលផ្លោងចូលទៅក្នុងសមុទ្រជាការឆ្លើយតប ហើយមុននេះសម្ព័ន្ធមិត្តបានធ្វើសមយុទ្ធទម្លាក់គ្រាប់បែកជាមួយយន្តហោះចម្បាំងនៅសមុទ្រលឿង។
យោធាកូរ៉េខាងត្បូងបាននិយាយថា មីស៊ីលនេះមានក្បាលគ្រាប់ប៉ុន្តែវាមិនផ្ទុះទេ ហើយគេក៏បានសុំទោសដែលបណ្តាលឱ្យអ្នកស្រុកព្រួយបារម្ភ។ លោក Joe Biden ប្រធានាធិបតីសហរដ្ឋអាមេរិកនិង លោក Fumio Kishida នាយករដ្ឋមន្ត្រីជប៉ុនបានថ្កោលទោសការសាកល្បងរបស់កូរ៉េខាងជើង លោក Antonio Guterres ហើយអគ្គលេខាធិការអង្គការសហប្រជាជាតិក៏បានថ្កោលទោសផងដែរ ដោយបាននិយាយថាវាគឺជាការរំលោភលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខ៕
ប្រភព៖ ក្រសួងព័ត៌មាន