ភ្នំពេញ៖ អ្នកស្រី កែវ វ៉ាន់ថា ជាឈ្មួញកណ្តាលបោះដុំបន្លែនៅផ្សារដើមគ បានប្រកាសទទួលទិញគល់ស្លឹកគ្រៃ ១០០០គីឡូជារៀងរាល់ថ្ងៃ ដើម្បីយកទៅលក់បោះដុំបន្តនៅទីផ្សារ ។
អ្នកស្រី កែវ វ៉ាន់ថា រស់នៅរាជធានីភ្នំពេញ ជាឈ្មួញកណ្ដាលទទួលទិញគល់ស្លឹកគ្រៃពី៥០០គីឡូ ទៅ ១០០០ គីឡូ ក្នុងមួយថ្ងៃ ដើម្បីយកទៅលក់បោះដុំបន្តទៅឱ្យអាជីវករបោះដុំបន្លែនៅផ្សារដើមគ ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុក។ អ្នកស្រីបន្ដថា ដោយគល់ស្លឹកគ្រៃមួយគីឡូតម្លៃ៨៥០រៀល ដូច្នេះ សម្រាប់បងប្អូនដែលនៅឆ្ងាយពីរាជធានីភ្នំពេញ អ្នកស្រីនឹងជួយថ្លៃសេវាដឹកជញ្ជូនពាក់កណ្តាល និងបងប្អូន ដែលនៅជាយក្រុងអ្នកស្រីនឹងទៅយកដល់កន្លែងដោយផ្ទាល់តែម្តង ដោយមិនគិតថ្លៃដឹកជញ្ជូនឡើយ។
អ្នកស្រី បញ្ជាក់ថា បច្ចុប្បន្នអ្នកស្រីគ្រាន់តែជាឈ្មួញកណ្ដាលដែលទទួលទិញរយៈពេលតែមួយឆ្នាំទេ ប៉ុន្ដែអ្នកស្រីក៏កំពុងចរចាទទួលទិញផ្ទាល់ពីបងប្អូនប្រជាកសិករ ដើម្បីឱ្យបងប្អូនមានទីផ្សារច្បាស់លាស់ ផងដែរ។
«ខ្ញុំមិនមែនអ្នកលក់ផ្ទាល់ ដូច្នេះនៅពេលដែលថ្ងៃណាមួយ មិនបានប្រមូលទិញធ្វើឱ្យគាត់ បាក់ទឹកចិត្ត។ តែបច្ចុប្បន្នកំពុងតែចរចារឿងហ្នឹង តែបច្ចុប្បន្នខ្ញុំមិនទាន់ផ្ដល់ព័ត៌មានឱ្យបានច្បាស់ ព្រោះវា មិនទាន់ច្បាស់ផ្លូវការ បើច្បាស់ផ្លូវការខ្ញុំមិនខ្លាចផ្ដល់ព័ត៌មានទេ ព្រោះខ្ញុំមិនចង់ឱ្យប្រជាកសិករមានសង្ឃឹម ហើយយើងធ្វើមិនបាន គាត់ត្រូវចំណាយកម្លាំង និងពេលវេលាចោលទៀត»។
អ្នកស្រី វ៉ាន់ថា បញ្ជាក់បន្ថែមថា នៅពេលចរចាទទួលបានជោគជ័យ អ្នកស្រីនឹងជូនដំណឹងដល់បងប្អូន ប្រជាកសិករ ក្នុងការទទួលទិញគល់ស្លឹកគ្រៃព្រោះដើមស្លឹកគ្រៃជារុក្ខជាតិមួយប្រភេទមិនពិបាកដាំដុះ និង ថែទាំឡើយ ហើយវាក៏ជាគ្រឿងទេសដ៏ពេញនិយមមួយសម្រាប់ធ្វើម្ហូបដែលខ្មែរយើងភាគច្រើនត្រូវការ៕
ប្រភព៖ ក្រសួងព័ត៌មាន