ប្រធានាធិបតីអ៊ុយក្រែន ព្យាយាមធ្វើរឿងមួយនេះ ដើម្បីធ្វើអោយកិច្ចព្រមព្រៀងជាមួយរុស្ស៊ីមិនអាចកើតមាន

0

បរទេស៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ាឌីមៀរ ហ្សេលេនស្គី បានអំពាវនាវឱ្យមានក្រិត្យមួយរបស់ក្រុមប្រឹក្សាសន្តិសុខ និងការពារជាតិ (NSDC) នៃប្រទេសអ៊ុយក្រែន ស្តីពីភាពមិនអាចទៅរួចនៃកិច្ចចរចាជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន។

នេះបើយោងតាមក្រឹត្យមួយដែលបានចេញផ្សាយនៅលើគេហទំព័រផ្លូវការរបស់ការិយាល័យប្រធានាធិបតីអ៊ុយក្រែនកាលពីថ្ងៃអង្គារ។

ឯកសារ នោះបាននិយាយថា « ក្រឹត្យនេះមានការទទួលស្គាល់ពីភាពមិនអាចទៅរួចបាន នៃកិច្ចចរចាជាមួយប្រធានាធីបតី សហព័ន្ធរុស្ស៊ី លោក វ្ល៉ាឌីមៀរពូទីន » ។

លោក ហ្សេលេនស្គី បានបញ្ជាឱ្យរដ្ឋាភិបាលរបស់ប្រទេសនេះពង្រឹងសមត្ថភាពការពារជាតិរបស់អ៊ុយក្រែន ដោយមធ្យោបាយនៃការបង្កើនបរិមាណជំនួយយោធា និងបច្ចេកទេស។ លោកប្រធានាធិបតីក៏បានផ្តល់អនុសាសន៍ដល់សភាតំណាងរាស្រ្តឱ្យបង្កើនល្បឿននៃដំណើរការអនុម័តសេចក្តីព្រាងច្បាប់ពាក់ព័ន្ធ ស្តីពីការដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ីផងដែរ។

កាលពីថ្ងៃសុក្រសប្តាហ៍មុន ប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេលេនស្គី បានរាយការណ៍ថា មានទណ្ឌកម្មថ្មីនឹងត្រូវបានដាក់ចេញប្រឆាំងនឹងនីតិបុគ្គល និងបុគ្គលឯកជនជាច្រើនពាន់នាក់របស់រុស្ស៊ី ក៏ដូចជាប្រឆាំងនឹងអ្នករៀបចំការបោះឆ្នោតប្រជាមតិនៅសាធារណរដ្ឋប្រជាមានិតដុនណេតស្ក៍ និងលូហ្គែនស្ក៍ តំបន់ហ្សាប៉ូរ៉ូហ្ស៊ី និងតំបន់ខឺរសុន។ លោកបានចង្អុលបង្ហាញថា បញ្ជីនេះគឺមានភាព «ទូលំទូលាយ» ហើយនឹងមានការរួមបញ្ចូលឈ្មោះបុគ្គលល្បីៗផងដែរ។

កាលពីថ្ងៃទី៣០ ខែកញ្ញា ពិធីមួយត្រូវបានធ្វើឡើងនៅវិមានក្រឹមឡាំងក្នុងអំឡុងពេលដែលប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានចុះហត្ថលេខាជាមួយប្រមុខនៃសាធារណរដ្ឋប្រជាមានិតដុនណេតស្ក៍ និងលូហ្គែនស្ក៍ និងសន្ធិសញ្ញាតំបន់ខឺរសុន និងតំបន់ហ្សាប៉ូរ៉ូហ្ស៊ី ស្តីពីទឹកដីថ្មីដែលចូលរួមជាមួយរុស្ស៊ី។ នៅពេលមុននេះ ការបោះឆ្នោតប្រជាមតិមួយត្រូវបានធ្វើឡើងនៅទីនោះ ហើយប្រជាជនក្នុងតំបន់បានគាំទ្រចំពោះការចូលរួមក្នុងប្រទេសរុស្ស៊ីដោយការបោះឆ្នោតសំឡេងភាគច្រើន។

នៅក្នុងពិធីនោះ លោកប្រធានាធិបតី ពូទីន បាន ជំរុញទីក្រុងកៀវ ឱ្យបញ្ឈប់ជាបន្ទាន់នូវ អរិភាព ហើយ ត្រឡប់ទៅកាន់តុចរចាវិញ៕

ប្រភព៖ ក្រសួងព័ត៌មាន