បរទេស៖ ក្រសួងទេសចរណ៍ និងកីឡារបស់ប្រទេសថៃកំពុងសម្លឹងរកមើលទីផ្សារថ្មីនៅតំបន់អាស៊ីកណ្តាល ជាពិសេសប្រទេសកាហ្សាក់ស្ថាន និងអ៊ូសបេគីស្ថាន ដោយសារនិន្នាការក្រោយជំងឺរាតត្បាតកូវីដ-១៩ បានបង្ហាញពីតម្រូវការខ្លាំងសម្រាប់ទេសចរណ៍អន្តរជាតិ។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡាថៃ លោក ភីផាត់ រ៉ាតច៉ាគីតប្រាកាន បាននិយាយថា តំបន់អាស៊ីកណ្តាលមានសក្តានុពលជាទីផ្សារថ្មីមួយសម្រាប់ទេសចរណ៍ក្នុងប្រទេសថៃ ដោយសារតែពេលវេលាហោះហើរខ្លីមិនលើសពីប្រាំពីរម៉ោងកន្លះ។
ការវិភាគទីផ្សាររបស់ក្រសួងនេះបានបង្ហាញថា អ្នកធ្វើដំណើរមកពីតំបន់នេះមានតម្រូវការខ្ពស់ក្នុងការធ្វើដំណើរអន្តរជាតិបន្ទាប់ពីជំងឺរាតត្បាត។ ជាពិសេសប្រទេសកាហ្សាក់ស្ថាន និងអ៊ូសបេគីស្ថាន ដែលមានសក្ដានុពលខ្ពស់សម្រាប់កំណើនសេដ្ឋកិច្ចជាងប្រទេសដទៃទៀតនៅក្នុងតំបន់។
យោងតាមបទប្បញ្ញត្តិថ្មីរបស់ប្រទេសថៃបានឱ្យដឹងថា ភ្ញៀវទេសចរមកពីប្រទេសកាហ្សាក់ស្ថាន និងអ៊ូសបេគីស្ថាន មានសិទ្ធិស្នើសុំទិដ្ឋាការនៅពេលទៅដល់ចាប់ពីខែតុលាឆ្នាំនេះដល់ខែមីនាឆ្នាំក្រោយសម្រាប់រយៈពេល ៣០ថ្ងៃពីចំនួន ១៥ថ្ងៃមុន។
ទន្ទឹមនឹងនេះដែរ ក្រុមហ៊ុនអ៊ែរអាស្តាណាកំពុងដំណើរការជើងហោះហើរត្រង់ពីទីក្រុងអាល់ម៉ាទីក្នុងប្រទេសកាហ្សាក់ស្ថានទៅកាន់ខេត្តភូកេតចំនួនបីដងក្នុងមួយសប្តាហ៍។ សម្រាប់រដូវកាលល្អសម្រាប់វិស័យទេសចរណ៍នាពេលខាងមុខមេះ សេវាកម្មហោះហើរត្រង់ទៅកាន់ភូកេតនឹងកើនឡើង ដោយមានកៅអីសរុបចំនួន ១ ១៦២កៅអីនៅលើជើងហោះហើរត្រង់ដោយចាប់ផ្តើមពីថ្ងៃទី៣០ ខែតុលា។ ផ្លូវហោះហើរថ្មីទៅកាន់ទីក្រុងបាងកកគ្រោងនឹងចាប់ផ្តើមនៅថ្ងៃដូចគ្នានោះ។
ក្រុមហ៊ុនអាកាសចរណ៍ SCAT ដែលមានមូលដ្ឋាននៅទីក្រុងស៊ីមគែនត៍នៃប្រទេសកាហ្សាក់ស្ថាន ក៏បានប្រកាសនូវសេវាកម្មជើងហោះហើរពីទីក្រុងអាល់ម៉ាទី ទីក្រុងអាស្តាណា ទីក្រុងកូស្តាណាយ ទីក្រុងស៊ីមគែនត៍ និងទីក្រុងអ៊ូរ៉ាលស្ក៍ ទៅកាន់អាកាសយានដ្ឋានខេត្តភូកេត និងអាកាសយានដ្ឋានយូ-តាប៉ៅរបស់ប្រទេសថៃផងដែរ។
លោករដ្ឋមន្ត្រី ភីផាត់ បាននិយាយថា ប្រទេសកាហ្សាក់ស្ថានជាប់ចំណាត់ថ្នាក់លេខមួយក្នុងចំណោមប្រទេសនៃរដ្ឋឯករាជ្យសម្រាប់វិស័យភ្ញៀវទេសចរបរទេសទៅកាន់ប្រទេសថៃ ដែលមានអ្នកធ្វើដំណើរចំនួន ៥៦ ៥២៩នាក់កាលពីក្នុងឆ្នាំ២០១៩ បន្ទាប់មកគឺប្រទេសអ៊ូបេគីស្ថាន និងគៀរជីស្ថាន ដែលមានអ្នកធ្វើដំណើរចំនួន ១៩ ៨៩១នាក់ និង ៤ ៦០៨នាក់ រៀងៗគ្នា៕
ប្រភព៖ ក្រសួងព័ត៌មាន