ជប៉ុន បណ្តេញនិយោជិតម្នាក់នៃស្ថានកុងស៊ុលរុស្ស៊ីប្រចាំនៅទីក្រុងសាប់ប៉ូរ៉ូ

0

បរទេស៖ សារព័ត៌មានក្យូដូបានរាយការណ៍ដោយដកស្រង់សម្តីរបស់រដ្ឋមន្រ្តីការបរទេសជប៉ុន លោក យ៉ូស្ស៊ីម៉ាសា ហាយ៉ាស្ស៊ី ដែលបាននិយាយថា រដ្ឋាភិបាលជប៉ុនបានសម្រេចបណ្តេញនិយោជិតម្នាក់នៃស្ថានកុងស៊ុលរុស្ស៊ីប្រចាំនៅទីក្រុងសាប់ប៉ូរ៉ូ (ខេត្តហុកកៃដូ) ជាការឆ្លើយតបនឹងរុស្ស៊ីដែលបានឃុំខ្លួនកុងស៊ុលរបស់ប្រទេសជប៉ុននៅទីក្រុងវ្ល៉ាឌីវ៉ូស្តុក។ ការរាយការណ៍នោះបានកត់សម្គាល់ថា អ្នកការទូតរុស្ស៊ីនោះ ត្រូវចាកចេញពីប្រទេសជប៉ុន ត្រឹមថ្ងៃទី១០ ខែតុលា ។

នៅពេលមុននេះសេវាសន្តិសុខសហព័ន្ធរុស្ស៊ី (FSB) បាននិយាយថា អ្នកការទូតជប៉ុន លោក ម៉តូគី តាតស៊ូណូរី ត្រូវបានគេចាប់ខ្លួន។ ក្រោយ មកក្រសួងការបរទេសរុស្ស៊ី បានសម្ដែងការតវ៉ា ចំពោះទីក្រុងតូក្យូ។

អ្នកការទូតដែលត្រូវបានគេឃុំខ្លួននោះ ត្រូវបាន គេប្រកាសថាមិនមែន ជាបុគ្គលិកទូតទេ ហើយ ត្រូវបានទុកពេល ៤៨ម៉ោង ដើម្បី ចាកចេញ ពីប្រទេស រុស្ស៊ី។ ទោះជាយ៉ាងណាក៏ដោយភាគីជប៉ុនបានទទូច ថា បុគ្គលនោះមិនបានធ្វើអ្វីខុសច្បាប់ឡើយ ដោយបានសម្តែងការតវ៉ា និងទាមទារការសុំទោស។ ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំទីក្រុងតូក្យូ លោក មីខៃ ហ្កាលូហ្ស៊ីន បានកត់សម្គាល់ថា ប្រតិកម្មរបស់ទីក្រុងតូក្យូមិនសមហេតុផលទេ ចាប់តាំងពីអ្នកការទូតជប៉ុនបានបំពានទាំងច្បាប់រុស្ស៊ី និងអនុសញ្ញាទីក្រុងវីយែន ដោយលោកបាននិយាយបន្ថែមថា វាគឺជាទីក្រុងមូស្គូទេដែលមានហេតុផលទាមទារឱ្យមានការសុំទោសពីទីក្រុងតូក្យូនោះ៕

ប្រភព៖ ក្រសួងព័ត៌មាន