បរទេស៖ រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក លោក Lloyd Austin បាននិយាយកាលពីថ្ងៃសៅរ៍ថា អាជ្ញាធរសហរដ្ឋអាមេរិកបានប្តេជ្ញាចិត្តចំពោះគោលនយោបាយ «បើកទ្វារ» របស់អង្គការណាតូ ប៉ុន្តែលោកបាននិយាយថា ការសម្រេចចិត្តទៅលើការពង្រីកខ្លួនរបស់អង្គការនេះគួរតែធ្វើឡើងដោយប្រទេសទាំងអស់នៃប្លុកនេះ។
លោកបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាមួយជាមួយសមភាគីអូស្ត្រាលី លោក រីឆាដ ម៉ារឡេស នៅកោះហាវ៉ៃ ដោយសន្និសីទសារព័ត៌មាននេះត្រូវបានផ្សាយផ្ទាល់នៅលើគេហទំព័ររបស់មន្ទីរបញ្ចកោណថា «យើងប្តេជ្ញាចិត្តក្នុងការគាំទ្រគោលនយោបាយ «បើកទ្វារ» របស់អង្គការណាតូ ប៉ុន្តែរបៀបដែលវាដំណើរការ (ការទទួលយកសមាជិកថ្មីទៅក្នុងសម្ព័ន្ធ) គឺពិតជាបញ្ហាដែលត្រូវបានដោះស្រាយដោយប្រទេសប្រមាណចំនួន ៣០ប្រទេស (អង្គការណាតូ) ដែលបានបោះឆ្នោតទៅលើបញ្ហានេះ។ ការងារនេះនឹងត្រូវបានបញ្ចប់នៅក្នុងពេលអនាគត»។
លោក Austin បានសង្កត់ធ្ងន់ថា «ប៉ុន្តែឥឡូវនេះ ភាគច្រើនយើងផ្តោតទៅលើការធ្វើអ្វីគ្រប់យ៉ាងដែលយើងអាចធ្វើបានដើម្បីប្រាកដថា អ៊ុយក្រែនមានអ្វីដែលខ្លួនត្រូវការដើម្បីទទួលបានជោគជ័យ ហើយយើងកំពុងមើលឃើញផលល្អខ្លះៗដែលត្រូវបានបង្កើតឡើងដោយកងកម្លាំងអ៊ុយក្រែន»។
កាលពីថ្ងៃសុក្រ ប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ាឌីមៀរ ហ្សេលេនស្គី បានចុះហត្ថលេខាលើពាក្យស្នើសុំមួយរបស់ប្រទេសនេះសម្រាប់ចូលជាសមាជិកភាពអង្គការណាតូដែលត្រូវបានពន្លឿន។ អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg មិនបានឆ្លើយតបទៅនឹងសំណួរផ្ទាល់ពីអ្នកសារព័ត៌មានអំពីថា តើសម្ព័ន្ធភាពបានត្រៀមខ្លួនរួចជាស្រេចដើម្បីពិចារណាទៅលើពាក្យសុំនេះហើយឬក៏យ៉ាងណានោះទេ៕
ប្រភព៖ ក្រសួងព័ត៌មាន