ពោធិ៍សាត់៖ កាលពីថ្ងៃអាទិត្យថ្ងៃទី០២ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង០៨និង៤០នាទី មានករណីបុរសម្នាក់បានលង់ទឹកអូរស្លាប់ ពេលកំពុងដេញក្របីឆ្លងអូរយកទៅឃ្វាល កើតហេតុនៅចំណុចក្នុងអូរក្រោយផ្ទះ ស្ថិតនៅភូមិស្រះរុន ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់។
តាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកបាកាន បានឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះ ម៉ាន ភឿក អាយុ៤៨ឆ្នាំ ភេទប្រុស មានទីលំនៅភូមិឃុំកើតហេតុខាងលើ យោងតាមការពិនិត្យជាក់ស្ដែងលើសាកសពពុំមានស្លាកស្នាមអ្វី គួរឲ្យកត់សម្គាល់ និងមានការធានាអះអាងពីប្រពន្ធ អ្នកជិតខាង លោកមេភូមិស្រះរុន បានបញ្ជាក់ថា សាកសពពិតជាបានលង់ទឹកស្លាប់ពិតប្រាកដមែន សមត្ថកិច្ចប៉ុស្តិ៍បានរាយការណ៍សុំយោបល់ពីលោកអធិការនិងមានការឯកភាពពីឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ ។ មូលហេតុ បណ្តាលមកពីជនរងគ្រោះបាន ចុះដេញក្របីឆ្លងអូរយកទៅឃ្វាល ពេលឆ្លងទឹកជ្រៅហែលមិនផុតក៏បានលង់ស្លាប់នៅកន្លែងកើតហេតុ។ បច្ចុប្បន្នសមត្ថកិច្ច បានធ្វើកំណត់ហេតុប្រគល់សាកសពឲ្យទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ