បរទេស៖ យោធាកូរ៉េខាងត្បូងបាននិយាយថា កូរ៉េខាងជើងបានបាញ់គ្រាប់មីស៊ីលផ្លោងរយៈចម្ងាយខ្លី (SRBMs) ចំនួនពីរគ្រាប់ចូលទៅក្នុងសមុទ្រខាងកើតកាលពីថ្ងៃព្រហស្បតិ៍ ដែលជាការបង្កហេតុលើកទីបីរបស់ខ្លួនក្នុងរយៈពេលពេលមិនដល់មួយសប្តាហ៍ផង។
អគ្គសេនាធិការចម្រុះ (JCS) បាននិយាយថា ខ្លួនបានឃើញការបាញ់គ្រាប់មីស៊ីលចេញពីតំបន់ស៊ុនចុនក្នុងខេត្តព្យុងហ្កានខាងត្បូង នៅចន្លោះម៉ោង ៨:៤៨នាទីយប់ និងម៉ោង ៨:៥៧នាទីយប់ ដោយមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមទេ។
JCS បាននិយាយនៅក្នុងសារមួយផ្ញើទៅកាន់អ្នកសារព័ត៌មានថា «ខណៈដែលកំពុងមានការពង្រឹងការត្រួតពិនិត្យ និងការប្រុងប្រយ័ត្នរបស់យើង យោធារបស់យើងកំពុងរក្សាគោលជំហរត្រៀមខ្លួនយ៉ាងពេញលេញក្នុងកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយសហរដ្ឋអាមេរិក»។
នៅប៉ុន្មានម៉ោងមុននេះ អនុប្រធានាធិបតីសហរដ្ឋអាមេរិក លោកស្រី កាម៉ាឡា ហារីស បានបញ្ចប់ដំណើរទស្សនកិច្ចរយៈពេលមួយថ្ងៃទៅកាន់កូរ៉េខាងត្បូង ក្នុងអំឡុងពេលដែលលោកស្រីបានជួបជាមួយប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល និងបានទៅទស្សនាតំបន់គ្មានយោធា (DMZ) ដែលបំបែករវាងប្រទេសកូរ៉េទាំងពីរ។ លោកស្រីបានបញ្ជាក់សារជាថ្មីអំពីការប្តេជ្ញាចិត្តផ្នែកសន្តិសុខរបស់សហរដ្ឋអាមេរិកចំពោះសម្ព័ន្ធមិត្តនៅតំបន់អាស៊ីបូព៌ា។
កូរ៉េខាងជើងបានបាញ់គ្រាប់មីស៊ីលផ្លោងរយៈចម្ងាយខ្លី (SRBM) មួយគ្រាប់កាលពីថ្ងៃអាទិត្យ និងគ្រាប់មីស៊ីល SRBM ពីរគ្រាប់កាលពីថ្ងៃពុធ។
ការបាញ់គ្រាប់មីស៊ីលចុងក្រោយនេះបានកើតឡើងនៅពេលដែលកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកបានបញ្ចប់សមយុទ្ធយោធាជើងទឹកដ៏ល្បីមួយដែលពាក់ព័ន្ធនឹងនាវាផ្ទុកយន្តហោះ USS Ronald Reagan នៅសមុទ្រខាងកើតកាលពីថ្ងៃព្រហស្បតិ៍ ហើយគ្រោងនឹងធ្វើសមយុទ្ធប្រឆាំងនាវាមុជទឹកជាមួយប្រទេសជប៉ុននៅថ្ងៃបន្ទាប់។
ទីក្រុងសេអ៊ូល និងទីក្រុងវ៉ាស៊ីនតោន បាននិងកំពុងបង្កើនការសម្របសម្រួលផ្នែកសន្តិសុខ ចំពេលដែលមានការព្រួយបារម្ភថា ទីក្រុងព្យុងយ៉ាងអាចចូលរួមក្នុងសកម្មភាពបង្កហេតុនានា ដូចជាការពិសោធន៍អាវុធនុយក្លេអ៊ែរ និងការបាញ់សាកល្បងគ្រាប់មីស៊ីលផ្លោងចេញពីនាវាមុជទឹកជាដើម៕
ប្រភព៖ ក្រសួងព័ត៌មាន