បរទេស៖ យោងតាមនាយកដ្ឋានស្ថិតិម៉ាឡេស៊ី (DOSM) បានឱ្យដឹងថា អត្រាអតិផរណារបស់ប្រទេសម៉ាឡេស៊ីក្នុងខែសីហាបានកើនឡើងដល់ ៤,៧% ពីមួយឆ្នាំទៅមួយឆ្នាំ ដែលភាគច្រើនដោយសារតែអាហារ និងភេសជ្ជៈគ្មានជាតិអាល់កុល។
តួលេខនេះត្រូវបានវាស់វែងដោយសន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ (CPI) ហើយវាក៏បានកើនឡើងដែរពីចំនួន ៤,៤% ក្នុងខែកក្កដា ៣,៤% ក្នុងខែមិថុនា ២,៨% ក្នុងខែឧសភា និង ២,៣% ក្នុងខែមេសា។
នាយកដ្ឋាននេះបាននិយាយថា អាហារ និងភេសជ្ជៈគ្មានជាតិអាល់កុលបានកើនឡើង ៧,២% នៅក្នុងរយៈពេលនោះ។
អត្រាអតិផរណាក្នុងប្រទេសម៉ាឡេស៊ី គឺជាអត្រាទាបបំផុតមួយក្នុងពិភពលោក។ លោក មូស្តាប៉ា ម៉ូហាម៉េដ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចរបស់ប្រទេសម៉ាឡេស៊ីបាននិយាយថា អត្រាអតិផរណាក្នុងខែសីហានៅក្នុងតំបន់ចាយរូបិយប័ណ្ណអឺរ៉ូ គឺមានចំនួន ៩,១% សហរដ្ឋអាមេរិក ៨,៣% ប្រទេសថៃ ៧,៩% ប្រទេសហ្វីលីពីន ៦,៣% និងសាធារណរដ្ឋកូរ៉េ ៥,៧%។
លោកបានពន្យល់ថា អត្រាអតិផរណាទាបនៅក្នុងប្រទេសម៉ាឡេស៊ី គឺដោយសារតែការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលម៉ាឡេស៊ីដែលបានផ្តល់នូវការឧបត្ថម្ភធន (កញ្ចប់ថវិកា) ដ៏ធំបំផុតដែលមិនធ្លាប់មាន ដែលត្រូវបានកត់ត្រានៅក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសនេះ។ ពីមួយខែទៅមួយខែ អត្រាអតិផរណាក្នុងខែសីហាបានកើនឡើង ០,២% បើធៀបទៅនឹងអត្រា ០,៤% ក្នុងខែកក្កដា៕
ប្រភព៖ ក្រសួងព័ត៌មាន