បរទេស៖ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសថៃ លោក ដុន ប្រាមុដវីណៃ បាននិយាយថា គ្រប់ភាគីជម្លោះក្នុងប្រទេសអ៊ុយក្រែនអាចកោះប្រជុំនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ក្នុងខែវិច្ឆិកា ខាងមុខក្នុងអំឡុងពេលនៃព្រឹត្តិការណ៍អន្តរជាតិធំៗចំនួនបី ដើម្បីរួមគ្នាដោះស្រាយវិបត្តិនៅអ៊ុយក្រែន។
លោករដ្ឋមន្ត្រី ដុន បាននិយាយនៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៧ ថា កន្លែងចំនួនបី ដោយមួយនៅរាជធានីភ្នំពេញរបស់ព្រះរាជាណាចក្រកម្ពុជាសម្រាប់កិច្ចប្រជុំកំពូលអាស៊ាន មួយទៀតនៅកោះបាលីរបស់ប្រទេសឥណ្ឌូណេស៊ីសម្រាប់កិច្ចប្រជុំក្រុមប្រទេស G20 និងកន្លែងទីបីគឺនៅទីក្រុងបាងកកនៃ ប្រទេសថៃសម្រាប់កិច្ចប្រជុំមេដឹកនាំ APEC ដោយពួកគេអាចធ្វើកិច្ចប្រជុំដាច់ដោយឡែកពីគ្នា ឬជាស៊េរី ដើម្បីយកវេទិកានោះសម្រាប់កិច្ចពិភាក្សាស្តីពីអ៊ុយក្រែន។
កាលពីថ្ងៃទី២៤ ខែកុម្ភៈ រុស្ស៊ីបានចាប់ផ្តើមនូវអ្វីដែលគេហៅថាប្រតិបត្តិការយោធាពិសេសមួយនៅអ៊ុយក្រែន ដោយនិយាយថា ខ្លួនកំពុងឆ្លើយតបទៅនឹងសំណើសុំជំនួយពីសាធារណរដ្ឋដែលបំបែកខ្លួនចេញ គឺសាធារណរដ្ឋប្រជាមានិតដុនណេស្ក៍ និងសាធារណរដ្ឋប្រជាមានិតលូហ្គែនស្ក៍។ ជាការឆ្លើយតប លោកខាងលិច និងសម្ព័ន្ធមិត្តរបស់ខ្លួនបានដាក់ចេញនូវយុទ្ធនាការដាក់ទណ្ឌកម្មយ៉ាងទូលំទូលាយប្រឆាំងនឹងទីក្រុងមូស្គូ៕
ប្រភព៖ ក្រសួងព័ត៌មាន