បរទេស៖ ភ្លៀងធ្លាក់ខ្លាំងដែលបង្កឡើងដោយព្យុះណូរុដែលបោកបក់នៅភាគឦសាននៃប្រទេសថៃកាលពីយប់ថ្ងៃទី២៨ ខែកញ្ញា បានបន្ថែមការលំបាកបន្ថែមទៀតដល់ខេត្តនានារបស់ប្រទេសនេះដែលកំពុងរងគ្រោះដោយទឹកជំនន់រួចទៅហើយ។
នាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយនៃក្រសួងមហាផ្ទៃបាននិយាយថា យ៉ាងហោចណាស់ខេត្តចំនួន១២ ដែលភាគច្រើននៅតំបន់ភាគខាងជើង និងភាគឦសាន បានជួបប្រទះនូវកម្រិតផ្សេងៗនៃទឹកជំនន់ដែលបង្កឡើងដោយទឹកភ្លៀងដែលបានវាយប្រហារប្រទេសថៃចាប់តាំងពីសប្តាហ៍មុនមក។
អភិបាលខេត្តអ៊ូប៊ុនរ៉ាត់ចាថានី លោក ពុងរ៉ាត់ ពីរ៉ុមរ៉ាត់ បាននិយាយកាលពីថ្ងៃទី២៨ ខែកញ្ញាថា ទឹកទន្លេមន់បានបាក់ច្រាំងធ្វើឱ្យជន់លិចភូមិ និងដីស្រែក្នុងស្រុកចំនួន១៤ និងបង្ខំឱ្យជម្លៀសប្រជាជនជាង ៤ ១០០នាក់ទៅកាន់ទីទួលខ្ពស់ និងទីជម្រកបណ្តោះអាសន្ន។ ដីស្រែចំការជាង ១៥ ៨០០ហិចតាត្រូវខូចខាត។
អាកាសយានដ្ឋានអ៊ូប៊ុនរ៉ាតចាថានី ក៏រងការខូចខាតដោយសារភ្លៀងធ្លាក់ខ្លាំង និងខ្យល់បក់ខ្លាំងដែរ ដែលធ្វើឱ្យយន្តហោះមិនអាចចុះចតបាន។ ជាមួយគ្នានេះ រដ្ឋបាលទីក្រុងបាងកកបានសម្រេចចែកបាវខ្សាច់ចំនួន ២,៥លានបាវទៅកាន់តំបន់នានាក្នុងរាជធានីដែលងាយនឹងរងការជន់លិច៕
ប្រភព៖ ក្រសួងព័ត៌មាន