បរទេស៖ ព្យុះទីហ្វុងណូរុដែលបានចុះខ្សោយទៅជាសម្ពាធទាបត្រូពិច បានបណ្តាលឱ្យមានទឹកជំនន់នៅភាគកណ្តាល និងភាគខាងត្បូងនៃប្រទេសឡាវ។
នៅក្នុងខេត្តដែលរងផលប៉ះពាល់ខ្លាំងជាងគេ គឺខេត្តសេកុង ខេត្តសាលាវ៉ាន់ និងខេត្តអាតតាពើ មានផ្ទះជាច្រើនខ្នង និងផ្ទៃដីស្រែចម្ការមួយចំនួនធំត្រូវបានជន់លិច។ ការរអិលបាក់ដីបានបិទផ្លូវបានបណ្ដាលឱ្យតំបន់ខ្លះត្រូវស្ថិតនៅដាច់ស្រយាលទាំងស្រុង ខណៈដែលទឹកជំនន់ក៏បានបំផ្លាញបណ្តាញអគ្គិសនី ផ្លូវថ្នល់ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀតផងដែរ។ មិនមានរបាយការណ៍ពេញលេញស្តីពីការខាតបង់ដែលបណ្តាលមកពីព្យុះទីហ្វុងនោះទេ។
រដ្ឋបាលសុវត្ថិភាពឧស្សាហកម្មថាមពលរបស់ក្រសួងថាមពល និងរ៉ែរបស់ប្រទេសឡាវ បានស្នើសុំឱ្យមានការត្រួតពិនិត្យកម្រិតទំនប់ទឹក និងអាងស្តុកទឹកទាំងអស់ និងការសម្របសម្រួលឱ្យបានដិតដល់ក្នុងចំណោមក្រសួង និងស្ថាប័ននានាដើម្បីធ្វើបច្ចុប្បន្នភាពអំពីលក្ខខណ្ឌអាកាសធាតុ៕
ប្រភព៖ ក្រសួងព័ត៌មាន