បរទេស៖ ព្យុះសង្ឃរា Ian បានបោកបក់នៅភាគនិរតីក្នុងរដ្ឋ Florida ជាព្យុះមួយដ៏មានឥទ្ធិពលបំផុតមួយដែលមិនធ្លាប់ជួបប្រទះនៅក្នុងទឹកដីសហរដ្ឋអាមេរិក។ ព្យុះនេះបានបង្ករឲ្យមានការលិចផ្លូវក្នុងទីក្រុងដោយទឹកជន់ជោរ និងបានបំផ្លិចបំផ្លាញដើមឈើនៅតាមឆ្នេរសមុទ្រ ខណៈពេលដែលកម្លាំងរបស់វាក៏ត្រូវបានគេប៉ាន់ប្រមាណថាកំពុងគំរាមកំហែងទៅជាទឹកជំនន់នៅទូទាំងតំបន់នៃរដ្ឋនេះ។បន្ទាប់ពីរយៈពេលត្រឹមតែមួយម៉ោងប៉ុណ្ណោះ ព្យុះនេះបានបំបោកទឹកសមុទ្រឲ្យផុសផុលពាសពេញមាត់ឆ្នេរនៅល្ងាចថ្ងៃពុធនេះ (ម៉ោងនៅសហរដ្ឋអាម៉េរិក) ចំណែកការិយាល័យត្រួតពិនិត្យតាមតំបន់ឆ្នេរសមុទ្របានឲ្យថាពួកគេបានទទួលការហៅទូរស័ព្ទចូលយ៉ាងច្រើនសន្ធឹកសន្ធាប់ពីសំណាក់ប្រជាពលរដ្ឋដែលរស់នៅឆ្នេរសមុទ្រដែលព្យុះ Ian បោកបក់នោះ។
យោងតាមមជ្ឈមណ្ឌលព្យាករណ៍ខ្យល់ព្យុះបានឲ្យដឹងថា កម្លាំងព្យុះនេះបានវាយប្រហារនៅជិតតំបន់កោះ Cayo Costa ដែលជាកោះមួយស្ថិតនៅភាគខាងលិចតំបន់ការពារ Fort Myers ដែលមានប្រជាជនរស់នៅច្រើន។ រូបភាពវីដេអូតាមរយៈទូរសព្ទដៃរបស់ពលរដ្ឋបានបង្ហាញអំពីកម្លាំងខ្យល់បក់បោកគួរឲ្យព្រឺព្រួចលាយលំជាមួយនឹងរលកទឹកភ្លៀងនៅដែនលើកោះ Cape Coral ដែលវានៅមិនឆ្ងាយប៉ុន្មានពីកន្លែងដែលព្យុះ Ian កំពុងគំរាមកំហែងនោះឡើយ៕
ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា