បរទេស៖ បន្ទាប់ពីរស់នៅរយៈពេល១យប់មុនពេលត្រូវជម្លៀសខ្លួនចេញ ក្រោយពេលដែលប្រទេសជិតខាងបានជូនដំណឹងអំពីកម្លាំងព្យុះសង្ឃរាបានបោកបក់ហើយនោះ នៅពេលនេះប្រទេសគុយបាបានចាប់ផ្តើមរងការខូចខាតជាបណ្តើរៗដោយសារកម្លាំងខ្យល់ព្យុះ Ian ដែលបានបោកបក់លើទឹកដីដែនកោះនេះហើយវាត្រូវគេចាត់ទុកស្ថិតក្នុងប្រភេទព្យុះសង្ឃរាទី3។
កម្លាំងខ្យល់ព្យុះនេះបានធ្វើឲ្យប៉ះពាល់ដល់តំបន់ភាគខាងលិចនៃទីក្រុង Pinar del Rio ជាកន្លែងដែលរដ្ឋាភិបាលបានប៉ាន់ស្មានថាមនុស្សជាង 50,000 ត្រូវបានគេកំពុងជម្លៀសខ្លួនចេញ។
យោងតាមវិទ្យាស្ថានឧតុនិយមបានរាយការណ៍ថា ទីក្រុង Pinar del Río ស្ថិតក្នុងរង្វង់ខ្សែបណ្តោយនៃព្យុះសង្ឃរាដ៏អាក្រក់នេះរយៈពេលមួយម៉ោងកន្លះប៉ុណ្ណោះ ដោយវាបានបំផ្លាញផ្ទះសម្បែងនិងបន្សល់ទុកនូវកំទេចកំទីព្រមទាំងបណ្តាលឲ្យមានទឹកជំនន់លិចនិងបិទផ្លូវជាច្រើន។
ក្រុមពលរដ្ឋជាឪពុកម្តាយបានចាកចេញពីទីប្រជុំជនដោយបីកូនៗរបស់ពួកគេរត់និងដើរក្រោមទឹកភ្លៀង លាយលំនឹងព្យុះបក់បោក ខណៈពេលដែលរថយន្តក្រុងព្យាយាមមកជួយជម្លៀសពលរដ្ឋឲ្យបានកាន់តែច្រើននៅតាមដងផ្លូវដែលមានទឹកជំនន់។
ស្ត្រីជាម្តាយម្នាក់ដែលសុំមិនបញ្ចេញអត្តសញ្ញាណ បានប្រញាប់ប្រញាល់ដឹកជញ្ជូនកូនរបស់នាងចេញពីទីប្រជុំជនមួយដែលបានរងគ្រោះដោយខ្យល់ព្យុះហើយនាងក៏ មានការបារម្ភពីការបាត់បង់ទ្រព្យសម្បត្តិនិងសុខុមាលភាពគ្រួសាររបស់នាងផងដែរ។ នៅក្រុង Artemisa ភាគខាងលិចនៃទីក្រុង Havana កម្លាំងខ្យល់ និងភ្លៀងបានបំផ្លាញដំណាំចេករាប់រយហិកតាព្រមទាំងផ្តួលរំលំផ្ទះសម្បែងប្រជាពលរដ្ឋផងដែរ។
នៅពេលនេះទីក្រុងឆ្នេរសមុទ្រ Batabano និងនៅលើផ្ទៃសមុទ្របានក្លាយជាទីកន្លែងដែលក្រុមទាហានកំពុងញាប់ដៃញាប់ជើងជម្លៀសអ្នកស្រុកតាមទូកតាមដែលអាចធ្វើទៅបាន។ ប្រព័ន្ធអគ្គីសនីបានដាច់រលត់ពេញទីក្រុង Havana និងរងនូវភាពងងឹតតាំងពីរសៀលម្សិលមិញម្ល៉េះ។
ស្របពេលដែលក្រុមកម្មករក្នុងទីក្រុងបានប្រញាប់ប្រញាល់ទៅកាប់ដើមឈើដែលរលំពីមហាវិថីលេខ៥ នៅក្បែរវិមានមាននៃបណ្តុំស្ថានទូតបរទេសជាច្រើន៕
ប្រភព៖ ក្រសួងព័ត៌មាន