រដ្ឋបាលខេត្តកំពង់ស្ពឺ ជូនដំណឹងដល់ប្រជាពលរដ្ឋដែលរស់នៅតាមតំបន់ទំនាបនានា និងតំបន់ផ្នែកខាងក្រោម ស្របតាមបណ្ដោយដងស្ទឹងព្រែកត្នោត បង្កើនការប្រុងប្រយ័ត្ន

0

កំពង់ស្ពឺ៖ រដ្ឋបាលខេត្តកំពង់ស្ពឺ ជូនដំណឹងដល់ប្រជាពលរដ្ឋដែលរស់នៅ ខាងលើទ្វាទឹករលាំងជ្រៃ ជាពិសេសតំបន់ទំនាបនានានៃផ្នែកខាងក្រោម ស្របតាមបណ្តោយដងស្ទឹងព្រែត្នោតក្នុង ភូមិសាស្ត្រខេត្តកំពង់ស្ពឺទាំងអស់ឲ្យបានដឹងថា ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ មានភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់ ដែលធ្វើឱ្យទឹកផ្នែកខាងលើនៃដងស្ទឹងព្រែកត្នោតហក់ឡើងលឿន។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តចុះថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ម្សិលមិញនេះ។

ជាមួយគ្នានោះ រដ្ឋបាលខេត្តបានបញ្ជាក់ថា ក្នុងស្ថានភាពបែបនេះ ធ្វើឱ្យទឹកស្ទឹងព្រែកត្នោត ផ្នែកខាងក្រោមអាចបង្កឱ្យមានការលិចលង់តំបន់ខ្លះជាយថាហេតុ ហើយផ្នែកខ្លះត្រូវទទូលរងផលប៉ះពាល់ដល់ ដំណាំកសិកម្ម សត្វចិញ្ចឹម ផ្ទះសំបែង ហេដ្ឋារចនាសម្ព័ន្ធនានា ពិសេសអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតបងប្អូន ប្រជាពលរដ្ឋផងដែរ។

ពាក់ព័ន្ធនឹងស្ថានភាពនេះ ដើម្បីធានាសុវត្ថិភាព និងបង្ការនូវគ្រោះថ្នាក់ជាយថាហេតុផ្សេងៗបានទាន់ពេលវេលា រដ្ឋបាលខេត្តកំពង់ស្ពឺ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ជាពិសេសប្រជាពលរដ្ឋដែលរស់នៅតំបន់ខាងលើ និងតំបន់ទំនាបនានាផ្នែក ខាងក្រោម នៃទ្វារទឹករលាំងជ្រៃស្របតាមបណ្ដោយដងស្ទឹងព្រៃត្នោត ក៏ដូចជាតំបន់ងាយរងគ្រោះមួយចំនួនក្នុង ភូមិសាស្ត្រខេត្តកំពង់ស្ពឺ ប្រុងប្រយ័ត្នខ្ពស់ និងស្វែងរកទីទួលសុវត្ថិភាពដែលនៅជិត ដើម្បីចៀងវាងការកើតមាន ឡើងនូវគ្រោះថ្នាក់ផ្សេងៗ។

រដ្ឋបាលខេត្តកំពង់ស្ពឺ សង្ឃឹមយ៉ាងមុតមាំថា ប្រជាពលរដ្ឋនឹងមានការប្រុងប្រយ័ត្ន ព្រមទាំងបង្កើន ការយកចិត្តទុកដាក់ខ្ពស់ចំពោះស្ថានភាពកម្ពស់ទឹកស្ទឹងព្រែកត្នោតដែលកំពុងហក់ឡើងជាបន្តបន្ទាប់នេះ។ ក្នុងករណីប្រជាពលរដ្ឋ ដែលទទួលរងនូវជំនន់ទឹកភ្លៀង សូមមេត្តារាយការណ៍ និងផ្តល់ព័ត៌មានឱ្យបានឆាប់រហ័សបំផុត ដល់អាជ្ញាធរ ភូមិ ឃុំ សង្កាត់ ក្រុង ស្រុក ខេត្តជាបន្ទាន់ ដើម្បីអាជ្ញាធរមានលទ្ធភាពចាត់វិធានការដោះស្រាយ ការពារ និងសង្គ្រោះបានទាន់ពេលវេលា៕

ប្រភព៖​ ក្រសួងព័ត៌មាន