បរទេស៖ អាជ្ញាធរថៃបានធ្វើការស៊ើបអង្កេតទៅលើឧប្បត្តិហេតុនៃការលេចធ្លាយសារធាតុគីមីនៅក្នុងរោងចក្រមួយក្នុងខេត្តណាខនប៉ាធុម ដើម្បីកំណត់ពីផលប៉ះពាល់របស់វាទៅលើបរិស្ថាន។ នាយកដ្ឋានគ្រប់គ្រងការបំពុល (PCD) បាននិយាយថា មិនមានសារធាតុកខ្វក់ដែលបង្កគ្រោះថ្នាក់ត្រូវបានរកឃើញនៅក្នុងខ្យល់ ឬដីជុំវិញកន្លែងកើតឧប្បត្តិហេតុនោះទេ។
នាយកដ្ឋានត្រួតពិនិត្យការបំពុល (PCD) បាននិងកំពុងត្រួតពិនិត្យតំបន់ជុំវិញរោងចក្រឧស្សាហកម្ម Indorama Polyester នៅក្នុងខេត្តណាខនប៉ាធុម ដែលបានទទួលរងការលេចធ្លាយសារធាតុគីមីកាលពីសប្តាហ៍មុន។ សារធាតុគីមីដែលលេចធ្លាយនោះ ក្រោយមកត្រូវបានគេកំណត់អត្តសញ្ញាណថាជាសារធាតុឌីផេនីលអុកស៊ីត និងសារធាតុប៊ីផេនីល។
ក្រោយមក ការត្រួតពិនិត្យរបស់មន្ត្រី PCD រកមិនឃើញសារធាតុគីមីទាំងនេះនៅក្នុងខ្យល់ ឬដីក្នុងរង្វង់ ២០គីឡូម៉ែត្រនៃរោងចក្រនោះទេ។ ការត្រួតពិនិត្យបន្ថែមទៀតនឹងត្រូវបានអនុវត្តដើម្បីវាស់កម្រិតសារធាតុគីមីនៅក្នុងបណ្តាញទឹក និងលូ។
អគ្គនាយក PCD លោក អាថាប៉ុល ចារើនស៊ុនសា បាននិយាយថា សារធាតុគីមីដែលបានលេចធ្លាយមានបរិមាណតិចតួច ដូច្នេះវាទំនងជាមិនមានផលប៉ះពាល់ដល់បរិស្ថានខ្លាំងនោះទេ ដោយលោកបាននិយាយបន្ថែមថា សារធាតុគីមីនោះមិនបង្កឱ្យមានផលវិបាកធ្ងន់ធ្ងរដល់សុខភាព ដូចជាបង្កឱ្យមានជំងឺមហារីកនោះទេ៕
ប្រភព៖ ក្រសួងព័ត៌មាន