ក្រោយបុកម៉ូតូពេញទំហឹងបណ្តាលអោយស្លាប់!! អ្នកបើកបររថយន្តរត់គេចខ្លួនបាត់ស្រមោល

0

ពោធិ៍សាត់៖ កាលពីថ្ងៃចន្ទថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង១៣និង២៥នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍រវាង​រថយន្តបុកជាមួយម៉ូតូ​ជិះឆ្លងផ្លូវបណ្ដាលឲ្យមនុស្ស០១នាក់ស្លាប់នៅកន្លែងកើតហេតុ។ ហេតុការណ៍នេះកើតឡើងនៅចំណុចផ្លូវជាតិលេខ០៥​ចន្លោះគីឡូម៉ែត្រលេខ​ ២០៤-២០៥​ ស្ថិតនៅភូមិបឹងខ្នារ​ ឃុំបឹងខ្នារ​ ស្រុកបាកាន បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចចុះទៅដល់កន្លែងកើតហេតុ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញមានរថយន្ត០១គ្រឿងម៉ាក​ឡិចស៊ីស470ពណ៌ស្ករ ពាក់ផ្លាកលេខភ្នំពេញ2T-6369​ បើកបរដោយឈ្មោះ​ សុខ​ វិរៈ​ ភេទប្រុស​ អាយុ​៥១ឆ្នាំ​ រស់នៅភូមិព្រះពន្លា​ សង្កាត់ព្រះពន្លា​ ក្រុងសេរីសោភ័ណ្ឌ​ ខេត្តបន្ទាយមានជ័យ​ បេីកបរពីកេីតទៅលិច លុះបើកមកដល់ចំណុចកើតហេតុខាងលើបានបុកយ៉ាងពេញទំហឹងជាមួយម៉ូតូជិះឆ្លងផ្លូវ០១គ្រឿងម៉ាកវ៉េវអាល់ហ្វា​ ពណ៌ទឹកប៊ិក គ្មានផ្លាកលេខ​ បើកបរដោយឈ្មោះ​ ជិន​ ឈុំ​ ភេទប្រុស​ អាយុ​៧០ឆ្នាំ​ មានទីលំនៅភូមិចំការលេី​ ឃុំបឹងខ្នារ​ ស្រុកបាកាន​ (ស្លាប់នៅកន្លែងកេីតហេតុ)ជិះឆ្លងផ្លូវពីជេីងទៅត្បូង។រីឯអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ ចំពោះសាកសពខាងលើត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យទៅក្រុមគ្រួសារសាច់ញាតិ​យកទៅធ្វើបុណ្យតាមប្រពៃណី​។

យោងតាមរបាយការណ៍របស់ លោកវរសេនីយ៍ឯក នាង វុធ អធិការនគរបាលស្រុកបាកាន បានឲ្យដឹងថាបន្ទាប់ពីកម្លាំងនគរបាលជំនាញចរាចរណ៍បាន ចុះទៅពិនិត្យនិងធ្វើការវាស់វែងរួចហើយបានសន្និដ្ឋានថាករណីគ្រោះថ្នាក់ចរាចរណ៍នេះបណ្ដាលមកពីកត្តាល្បឿន អ្នកបេីកបររថយន្តខ្វះការប្រុងប្រយ័ត្ន។

ចំពោះរថយន្តនឹងម៉ូតូសមត្ថកិច្ចយកមករក្សា​ទុក​នៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងខ្នារ រង់ចាំការដោះស្រាយ​តាមនីតិវិធី ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ