បរទេស៖ ប្រទេសថៃ និងម៉ាឡេស៊ី កំពុងពិភាក្សាគ្នាអំពីការសាងសង់ស្ពានឆ្លងកាត់ទន្លេ Golok ដើម្បីជំរុញវិស័យពាណិជ្ជកម្មទ្វេភាគី។
យោងតាមអ្នកនាំពាក្យរងរដ្ឋាភិបាលថៃ លោកស្រី រ៉ាចាដា ថាណាឌីរេក បានឱ្យដឹងថា ប្រទេសទាំងពីរកំពុងពិភាក្សាគ្នាអំពីការសាងសង់ស្ពានថ្មីចំនួនពីរឆ្លងកាត់ទន្លេ Golok ដែលតភ្ជាប់ស្រុកស៊ុងកៃកូឡុក និងស្រុកតាក់បៃក្នុងខេត្តណារ៉ាធីវ៉ាត់ ជាមួយរដ្ឋកេឡាន់តាន់របស់ប្រទេសម៉ាឡេស៊ី។ គម្រោងទាំងនេះ គឺជាផ្នែកមួយនៃគំនិតផ្តួចផ្តើមអភិវឌ្ឍកំណើនតំបន់ត្រីកោណរវាងឥណ្ឌូណេស៊ី-ម៉ាឡេស៊ី-ថៃ (IMT-GT)។
ក្រោមគំនិតផ្តួចផ្តើមនេះ ស្ពានមួយដែលមានប្រាំមួយគន្លងនឹងត្រូវបានសាងសង់ស្របទៅនឹងស្ពានដែលមានស្រាប់នៅក្នុងស្រុកស៊ុងកៃកូឡុកដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍។ ស្ពានទីពីរនឹងតភ្ជាប់ស្រុកតាក់បៃជាមួយស្រុកប៉េងកាឡាន់គូបូរក្នុងប្រទេសម៉ាឡេស៊ី ជាផ្នែកមួយនៃផ្លូវដែលមានប្រវែង ១១គីឡូម៉ែត្រ ដែលមានគន្លងធ្វើចរាចរណ៍ពី៤-៦។
អ្នកនាំពាក្យរងរូបនេះបាននិយាយថា ប្រទេសទាំងពីរក៏គ្រោងនឹងសាងសង់ផ្លូវមួយតភ្ជាប់ពីអគារអន្តោប្រវេសន៍ និងចត្តាឡីស័កសាដៅ (CIQ) នៅក្នុងខេត្តសុងក្លា និងអាគារអន្តោប្រវេសន៍ គយ ចត្តាឡីស័ក និងសន្តិសុខរួមបញ្ចូលគ្នាប៊ូគីតកាយូហ៊ីតាំ (ICQS) នៅក្នុងរដ្ឋគេដាហ៍របស់ប្រទេសម៉ាឡេស៊ីផងដែរ។
អ្នកនាំពាក្យរងបាននិយាយថា រដ្ឋាភិបាលទាំងពីរសង្ឃឹមថា គម្រោងទាំងនេះនឹងជួយបង្កើនវិស័យពាណិជ្ជកម្ម និងទេសចរណ៍ ដែលនឹងគាំទ្រដល់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពរវាងតំបន់សេដ្ឋកិច្ចពិសេសនៃប្រទេសទាំងពីរ៕
ប្រភព៖ ក្រសួងព័ត៌មាន