បាត់ដំបង៖ នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង១៦និង០០នាទី ត្រង់ចំណុចក្រុមទី១០ ភូមិកកោះ ឃុំអូរតាគី ស្រុកថ្មគោល ខេត្ដបាត់ដំបង មានករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសដោយប្រើប្រាស់អាវុធ (ញញួរ) មួយបានកើតឡើង ដែលករណីនេះបង្កឡើងដោយជនសង្ស័យ ០១នាក់ឈ្មោះ ហម វីរ៉ា ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិកកោះ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង បានធ្វើសកម្មភាពយកញញួរដែកវាយទៅលើជនរងគ្រោះ ០១នាក់ឈ្មោះ រុន ប៊ុនធឿន ភេទប្រុសអាយុ៣៥ឆ្នាំ រស់នៅភូមិកកោះ ឃុំអូតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង ចំនួន ០៣ញញួរ ត្រូវចំក្បាលបណ្ដាលឱ្យរងរបួសបែកក្បាល។
ដោយអនុវត្តតាមយោបល់ដឹកនាំរបស់ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងលោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ទោ សេង លុច អធិការនគរបាលស្រុកថ្មគោល បានដឹកនាំកម្លាំងផ្នែកជំនាញនិងប៉ុស្តិ៍នគរបាលរដ្ឋបាលឃាត់ខ្លួនជនសង័្សយខាងលើនិងដកហូតយកវត្ថុតាងរួមមានញញួរដែកផ្លែ និងដងដែកចំនួន ០១ ដែលជនសង័្សយប្រើសម្រាប់វាយជនរងគ្រោះ។
នៅកន្លែងសមត្ថកិច្ចជនសង័្សយបានសារភាពថា មូលហេតុដែលខ្លួនយកញញួរវាយទៅលើជនរងគ្រោះបែបនេះគឺដោយសារមានទំនាស់ពាក្យសំដីជាមួយគ្នា។ ករណីនេះ ជនរងគ្រោះត្រូវនាំយកទៅព្យាបាលនៅមន្ទីរពេទ្យ រីឯជនសង័្សយត្រូវបានឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលស្រុក ដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ