បរទេស៖ កាលពីថ្ងៃអាទិត្យ រដ្ឋាភិបាលទីក្រុងបានរាយការណ៍ថា ភាពអាសន្នមួយផ្នែកត្រូវបានប្រកាសនៅក្នុងរមណីយដ្ឋានសមុទ្រខ្មៅនៃទីក្រុងប៉ូម៉ូរី បន្ទាប់ពីតំបន់នេះត្រូវបានវាយប្រហារដោយព្យុះដ៏កាចសាហាវមួយកាលពីថ្ងៃមុន ដោយបាននាំទូករាប់សិបទៅសមុទ្រ ទឹកជំនន់ផ្លូវថ្នល់ ដួលរលំដើមឈើ និងបណ្តាលឱ្យដាច់ចរន្តអគ្គិសនី។ ចំការទំពាំងបាយជូរនៅតំបន់ជុំវិញទីក្រុងប៉ូម៉ូរីបានរងការខូចខាត ហើយចំការខ្លះត្រូវបានបំផ្លាញស្ទើរតែទាំងស្រុងតែម្តង។ បុរសម្នាក់ដែលធ្លាក់ពីលើទូកត្រូវបានគេជួយសង្គ្រោះ។
អភិបាលតំបន់ប័រហ្កាស លោក ឌីមីតារ នីកូឡូវ បានធ្វើអត្ថាធិប្បាយថា «ការខូចខាតទ្រព្យសម្បត្តិមានទំហំធំ។ វាជាអព្ភូតហេតុដែលមិនបានបណ្តាលឱ្យនរណាម្នាក់រងរបួសធ្ងន់ធ្ងរនោះទេ»។
ក្រុមហ៊ុនចែកចាយថាមពលអគ្គិសនី EVN បានរាយការណ៍ថា ទីក្រុងប៉ូម៉ូរីបានបន្តការផ្គត់ផ្គង់អគ្គិសនីបម្រុងពីស្ថានីយ៍រងកាប្លេសកូវ៉ូ បន្ទាប់ពីខ្សែបញ្ជូនថាមពលត្រូវបានរងការខូចខាត ហើយស្ថានីយ៍រងហូរីហ្សូនត៍ត្រូវបានទុកចោលដោយគ្មានថាមពល។
យោងតាមការិយាល័យសារព័ត៌មានរបស់រដ្ឋាភិបាលទីក្រុងបានឱ្យដឹងថា ខ្យល់បក់ខ្លាំងបានធ្វើឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់បរិក្ខារក្នុងស្រុករបស់ប្រតិបត្តិករប្រព័ន្ធអគ្គិសនី (ESO)។ ខ្យល់ព្យុះនោះបានបំផ្លាញបង្គោលចំនួន១៣ នៃខ្សែបញ្ជូនថាមពលកម្លាំង ១១០kV ចំនួនពីរ។
ការផ្គត់ផ្គង់អគ្គិសនីនៅទីក្រុងប៉ូម៉ូរីនៅតាមទីលំនៅមួយចំនួននៅជុំវិញទីក្រុង និងជាយក្រុងសារ៉ាហ្វូវ៉ូ នៃតំបន់ប័រហ្កាស ត្រូវបានស្ដារឡើងវិញកាលពីយប់ថ្ងៃសៅរ៍។ សហការីរបស់ ESO និង Elektrorazpredelenie South បន្តធ្វើការងាររួមគ្នាដើម្បីជួសជុលការខូចខាតបន្ថែមទៀត។
ផ្លូវធំរវាងទីក្រុងប៉ូម៉ូរី និងតំបន់ប័រហ្កាស ផ្លូវរវាងទីក្រុងប៉ូម៉ូរី និងទីក្រុងអាហេឡូអ៊ី ផ្លូវទៅកាន់សង្កាត់កាមេណារ និងផ្លូវក្នុងទីក្រុងប៉ូម៉ូរី ត្រូវបានឈូសឆាយដើមឈើដែលដួលរលំចេញ ហើយឥឡូវនេះអាចឆ្លងកាត់បានហើយ។ ភ្លើងបំភ្លឺផ្លូវនៅទីក្រុងប៉ូម៉ូរី ត្រូវបានគេរំពឹងថានឹងត្រូវបានស្ដារឡើងវិញក្នុងអត្រា ៦០% នៅល្ងាចថ្ងៃអាទិត្យ។
រដ្ឋាភិបាលទីក្រុងនេះបាននិយាយថា ព្យុះនេះបានបំផ្លាញចំការទំពាំងបាយជូរជាង ១៥០ហិកតានៅជិតទីក្រុងប៉ូម៉ូរីដែលជាកន្លែងផលិតស្រា និងប្រេនឌី។ ទំហំនៃការខូចខាតត្រូវបានប៉ាន់ប្រមាណថាមានចំនួន ៩៥% ហើយដំណាំដែលខូចខាតមានចំនួនជាងមួយលានតោន។ អភិបាលទីក្រុងប៉ូម៉ូរី លោក អ៊ីវ៉ាន់ អាឡិចស៊ីវ និងអភិបាលតំបន់ប័រហ្កាស លោកស្រី ម៉ារីយ៉ា ណីកូវ៉ា បានទៅត្រួតពិនិត្យចម្ការទំពាំងបាយជូរដែលទទួលរងការខូចខាតទាំងនោះ។
ក្រសួងកសិកម្មប៊ុលហ្គារីបាននិយាយថា កសិករដែលរងផលប៉ះពាល់ដោយសារព្យុះនៅតំបន់ប័រហ្កាស អាចចាប់ផ្តើមស្នើសុំជំនួយបានភ្លាមៗ។ ថវិកានឹងត្រូវបានផ្តល់ជូនដោយផ្អែកលើមូលដ្ឋាននៃការរកឃើញទាំងឡាយដែលបានកត់ត្រា។ ការទូទាត់នឹងត្រូវបានធ្វើឡើងឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន៕
ប្រភព៖ ក្រសួងព័ត៌មាន