អាស៊ាន និង UNOPS នឹងសហការណ៍គ្នា ធ្វើរឿងមួយនេះ

0

បរទេស៖ អាស៊ាន និងការិយាល័យអង្គការសហប្រជាជាតិសម្រាប់សេវាកម្មគម្រោង (UNOPS) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយដើម្បីជួយដល់រដ្ឋជាសមាជិកអាស៊ានក្នុងការប្រយុទ្ធប្រឆាំងនឹងការបំពុលប្លាស្ទីកក្នុងសមុទ្រ តាមរយៈការអនុវត្តរួមគ្នានៃគម្រោងជំនួយឥតសំណងដែលមានតម្លៃ ២០លានដុល្លារអាម៉េរិករបស់ធនាគារពិភពលោក គឺកម្មវិធីតំបន់អាស៊ីអាគ្នេយ៍ស្តីពីការប្រយុទ្ធប្រឆាំងនឹងប្លាស្ទិកក្នុងសមុទ្រ (SEA-MaP)។

គម្រោងដែលមានរយៈពេលប្រាំឆ្នាំនេះមានគោលបំណងកាត់បន្ថយការប្រើប្រាស់ផ្លាស្ទិក បង្កើនការកែច្នៃឡើងវិញ និងកាត់បន្ថយការលេចធ្លាយជាអប្បបរមាដើម្បីការពារការបំពុលផ្លាស្ទិកនៅលើដី និងក្នុងសមុទ្រ។ ដោយត្រូវធ្វើការងារនៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ គម្រោងនេះនឹងផ្តល់ការគាំទ្ររួមក្នុងការអភិវឌ្ឍ និងធ្វើឱ្យស្របទៅនឹងគោលនយោបាយក្នុងតំបន់ ក៏ដូចជាបង្កើតវេទិកាក្នុងតំបន់សម្រាប់ការនវានុវត្តន៍ ការវិនិយោគ ចំណេះដឹង និងភាពជាដៃគូ។

សកម្មភាពគម្រោងនេះនឹងចូលរួមចំណែកក្នុងការអនុវត្តផែនការសកម្មភាពតំបន់អាស៊ាន ស្តីពីការប្រយុទ្ធប្រឆាំងនឹងកម្ទេចកម្ទីក្នុងសមុទ្រ និងសេចក្តីប្រកាសរបស់មេដឹកនាំអាស៊ាន ស្តីពីសេដ្ឋកិច្ចពណ៌ខៀវ ដើម្បីសម្រេចបាននូវការប្តេជ្ញាចិត្តរបស់អាស៊ានចំពោះការប្រើប្រាស់ប្រកបដោយចីរភាព ភាពធន់ និងការរួមបញ្ចូល ការគ្រប់គ្រង ការអភិរក្ស និងអភិបាលកិច្ចនៃមហាសមុទ្រ សមុទ្រ និងធនធានឆ្នេរសមុទ្រ ព្រមទាំងប្រព័ន្ធអេកូឡូស៊ី។

ដោយមានការគាំទ្រពីធនាគារពិភពលោក និងអង្គការ UNOPS អាស៊ាននឹងជំរុញកិច្ចសហប្រតិបត្តិការទាំងក្នុងកម្រិតតំបន់ និងកម្រិតប្រទេស ដើម្បីពង្រឹងគោលនយោបាយ និងក្របខ័ណ្ឌច្បាប់គ្រប់គ្រងការផលិត និងការប្រើប្រាស់ប្លាស្ទិកនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

អគ្គលេខាធិការរងអាស៊ានសម្រាប់សហគមន៍វប្បធម៌សង្គមអាស៊ាន (ASCC) លោក ឯកកាផាប ផាន់ថាវង្ស បានស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមទាន់ពេលវេលាមួយនេះ ដោយលោកបាននិយាយថា «កម្មវិធីនេះនឹងបន្ថែមកិច្ចខិតខំប្រឹងប្រែងបន្តរបស់អាស៊ានក្នុងការដោះស្រាយបញ្ហាកម្ទេចកម្ទីប្លាស្ទិកក្នុងសមុទ្រ និងក្នុងការលើកកម្ពស់ការផ្លាស់ប្តូរទៅជាសេដ្ឋកិច្ចរង្វង់។

លោក សាមីណា កាដវ៉ានី នាយកអង្គការ UNOPS សម្រាប់ប្រទេសថៃ ឥណ្ឌូនេស៊ី និងតំបន់ប៉ាស៊ីហ្វិក បាននិយាយថា ភាពជាដៃគូនឹងផ្តល់នូវផ្លូវឆ្ពោះទៅរកដំណោះស្រាយក្នុងតំបន់ ដែលដឹកនាំដោយផលប្រយោជន៍ទៅវិញទៅមកក្នុងការលើកកម្ពស់ការអនុវត្តប្រកបដោយចីរភាព និងកិច្ចការពារប្រព័ន្ធអេកូឡូស៊ីសមុទ្រ និងឆ្នេរសមុទ្រនៅទូទាំងតំបន់អាស៊ីអាគ្នេយ៍។

កម្មវិធី SEA-MaP នឹងត្រូវបានអនុវត្តដោយលេខាធិការដ្ឋានអាស៊ាន ដោយមានការគាំទ្រពីអង្គការ UNOPS និងមានកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយបណ្តារដ្ឋជាសមាជិកអាស៊ាន និងដៃគូនានា ស្របតាមសេចក្តីប្រកាសទីក្រុងបាងកក ស្តីពីការប្រយុទ្ធប្រឆាំងកម្ទេចកម្ទីក្នុងសមុទ្រក្នុងតំបន់អាស៊ាន (ឆ្នាំ២០១៩) និងផែនការសកម្មភាពតំបន់អាស៊ានសម្រាប់ការប្រយុទ្ធប្រឆាំងនឹងកម្ទេចកម្ទីក្នុងសមុទ្រ (ឆ្នាំ២០២១)៕

ប្រភព៖​ ក្រសួងព័ត៌មាន