បាត់ដំបង ៖ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង០៨និង២០នាទីព្រឹក កម្លាំងអធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ បានទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋ ០១នាក់ឈ្មោះ សង ធារី ភេទស្រី អាយុ៣០ឆ្នាំ មានករណីគាស់ទម្លុះទម្លាយផ្ទះយកទ្រព្យសម្បត្តិរបស់ខ្លួន ត្រង់ចំណុចផ្សារធិបតី ភូមិឆាយបល្ល័ង្គ ឃុំធិបតី ស្រុកគាស់ក្រឡ ។
ករណីនេះ ដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ លោកវរសេនីយ៍ឯក ប៉ាង ហៀង អធិការនគរបាលស្រុកគាស់ក្រឡ បានដឹកនាំកម្លាំងជំនាញ នៃអធិការដ្ឋានគរបាលស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលធិបតី ធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនមុខសញ្ញាជាជនសង្ស័យឈ្មោះ ញ៉ែម លីហ៊ួរ ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅចំណុចភូមិឃុំខាងលើ យកមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ ។
សមត្ថកិច្ចបានដកហូតវត្ថុតាងជាសម្ភារ:ដែលបាត់បង់រួមមាន៖ -លុយខ្មែរចំនួន ២,០០០,០០០ (ពីរលានរៀន) -ទូរស័ព្ទដៃចំនួន ០២គ្រឿង -គាស់ស្រាបៀរយកក្រវិលកំប៉ុងអស់ចំនួន ០៥កេស ។
ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពគាស់ផ្ទះយកទ្រព្យសម្បត្តិនៅចំណុចខាងលើ ពិតប្រាកដមែន ។
ករណីនេះ ជនសង្ស័យត្រូវបានកម្លាំងនគរបាលស្រុករៀបចំកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តនីតិវិធី ៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ