បាត់ដំបង៖ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង២០និង០០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង នៅលើផ្លូវកៅស៊ូ ស្ថិតក្នុងក្រុមទី០៤ ភូមិឆ្កែខាំប្រឹស ឃុំ ព្រែកជីក ស្រុករុក្ខគិរី ខេត្តបាត់ដំបង រវាងម៉ូតូនិងម៉ូតូបណ្តាលអោយមនុស្សម្នាក់ស្លាប់បាត់បង់ជីវិតនិងម្នាក់ទៀតរងរបួសធ្ងន់ធ្ងរ ។
លោកវរសេនីយ៍ឯក ឆាយ ម៉ាប់ អធិការនគរបាលស្រុករុក្ខគីរី បានរាយការណ៍អោយដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងដោយម៉ូតូ ០១គ្រឿង ម៉ាកហុងដាឌ្រីម C-125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២០ ពាក់ស្លាកលេខ បាត់ដំបង 1AO-9730 បើកបរដោយឈ្មោះ ញ៉ែម ចិន្តា ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅក្នុងភូមិឃុំកើតហេតុខាងលើ ស្លាប់ភ្លាមៗនៅនឹងកន្លែង ។ ធ្វើដំណើរពីលិចទៅកើតក្នុងល្បឿនលឿន បានជ្រុលចង្កូតទៅបុកម៉ូតូ ០១គ្រឿងទៀត ម៉ាកហុងដា Wave អាល់ហ្វា ពណ៌ក្រហម ស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខ បាត់ដំបង 1AH-4044 បើកបរដោយឈ្មោះ ជឿន ហ៊ីង ភេទប្រុស អាយុ ២៨ឆ្នាំ រស់នៅក្នុងភូមិឃុំកើតហេតុខាងលើ បណ្តាលអោយរងរបួសធ្ងន់ បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកមោងឫស្សី ។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញស្រុកបានចុះធ្វើការត្រួតពិនិត្យនិងវាស់វែង រួចដកហូតមធ្យោបាយបង្កទាំងពីរគ្រឿងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុករុក្ខគីរី ដើម្បីរង់ចាំដំណោះស្រាយតាមនីតីវិធី ។ ចំណែកឯសាកសពជនរងគ្រោះ សមត្ថកិច្ចបានធ្វើកំណត់ហេតុនិងប្រគល់ទៅក្រុមគ្រួសារសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ