ម៉ាឡេស៊ី និងឥណ្ឌូនេស៊ី មានគម្រោងសាងសង់ស្ពាន ឬផ្លូវរូងក្រោមដីតភ្ជាប់ប្រទេសទាំងពីរ

0

បរទេស៖ ប្រទេសម៉ាឡេស៊ីបានស្នើឱ្យពន្លឿនការសាងសង់គម្រោងហេដ្ឋារចនាសម្ព័ន្ធដែលតភ្ជាប់ទៅកាន់ប្រទេសឥណ្ឌូណេស៊ី ដែលមានគោលបំណងជំរុញបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងទេសចរណ៍រវាងប្រទេសទាំងពីរ។

ប្រធានគណៈកម្មាធិការវិនិយោគ ឧស្សាហកម្ម អភិវឌ្ឍ និងសហកររបស់រដ្ឋមេឡាកា លោក អាប់ រ៉ាអ៊ូហ្វ យូសូហ្វ បាននិយាយថា ប្រទេសម៉ាឡេស៊ីគ្រោងនឹងសាងសង់ស្ពាន ឬផ្លូវរូងក្រោមដីតភ្ជាប់ប្រទេសទាំងពីរតាមរយៈទីក្រុងម៉ាសជីដ តាណាហ៍ នៃប្រទេសម៉ាឡេស៊ី និងកោះស៊ូម៉ាត្រារបស់ប្រទេសឥណ្ឌូនេស៊ី។

លោក អាប់ រ៉ាអ៊ូហ្វ យូសូហ្វ បាននិយាយថា ការអភិវឌ្ឍដែលបានស្នើឡើងនេះ ពាក់ព័ន្ធនឹងការសាងសង់ផ្លូវក្រោមដី ឬស្ពានដែលនឹងត្រូវចំណាយរយៈពេល ២០ឆ្នាំ ហើយនៅពេលសាងសង់រួចរាល់ វានឹងមានផលប្រយោជន៍យ៉ាងខ្លាំងដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសទាំងពីរ។

លោកបានកត់សម្គាល់ថា សំណើសម្រាប់គម្រោងនេះត្រូវបានបញ្ជូនដោយវិស័យឯកជន ហើយប្រទេសទាំងពីរបានយល់ព្រមជាគោលការណ៍ចំពោះការសិក្សាលម្អិតនៃគម្រោងនេះ។

លោក អាប់ រ៉ាអ៊ូហ្វ យូសូហ្វ បាននិយាយថា គម្រោងនេះនឹងក្លាយជានិមិត្តរូបថ្មីនៃទំនាក់ទំនងដ៏ជិតស្និទ្ធរវាងប្រទេសម៉ាឡេស៊ី និងឥណ្ឌូណេស៊ី៕

ប្រភព៖ ក្រសួងព័ត៌មាន