បរទេស៖ មន្ត្រីឥណ្ឌូណេស៊ីបាននិយាយកាលពីថ្ងៃទី១៧ ខែកញ្ញាថា មនុស្សចំនួន ៧នាក់បានស្លាប់ និង ៥នាក់ទៀតបានរងរបួស បន្ទាប់ពីមានការបាក់ដីនៅអណ្តូងរ៉ែមាសខុសច្បាប់មួយដែលបានកប់មនុស្សប្រហែល ២០នាក់។
ជនរងគ្រោះទាំងនោះកំពុងជីកយករ៉ែមាសនៅលើភ្នំមួយ នៅពេលនោះស្រាប់តែមានការបាក់ដីដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងដែលបានវាយប្រហារតំបន់នៅភាគខាងលិចនៃកោះបូរណេអូ ក្នុងខេត្តកាលីម៉ាន់តាន់ខាងលិច។
ប៉ូលីសក្នុងតំបន់បាននិយាយថា ពួកគេបានកំណត់អត្តសញ្ញាណសាកសពបួននាក់ដែលបានរកឃើញហើយ ហើយការស្វែងរកជនរងគ្រោះផ្សេងទៀតនៅតែបន្តដោយមានជំនួយពីប្រជាពលរដ្ឋក្នុងតំបន់ និងក្រុមគ្រួសារជនរងគ្រោះ។
អណ្តូងរ៉ែដែលគ្មានអាជ្ញាប័ណ្ណ គឺជារឿងធម្មតានៅប្រទេសដែលជាប្រជុំកោះក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលសម្បូរទៅដោយសារធាតុរ៉ែមួយនេះ ហើយវាជាទីកន្លែងដែលគេបោះបង់ចោលដែលបានទាក់ទាញអ្នកស្រុកទៅទីនោះដើម្បីរករ៉ែមាសដែលនៅសល់ដោយពួកគេមិនបានប្រើប្រាស់ឧបករណ៍សុវត្ថិភាពត្រឹមត្រូវនោះទេ។
គ្រោះថ្នាក់នៃការជីករ៉ែបានកើតឡើងជាញឹកញាប់ក្នុងប្រទេសឥណ្ឌូណេស៊ីដោយសារការបាក់ដី ជាពិសេសក្នុងអំឡុងពេលរដូវដែលមានខ្យល់មូសុង៕
ប្រភព៖ ក្រសួងព័ត៌មាន