ប្រទេសថៃ ព្រមានអំពីការរីករាលដាលនៃជំងឺមួយនេះ ក្នុងរដូវវស្សា

0

បរទេស៖ ទឹកដក់ គឺជាកន្លែងបង្កាត់ពូជរបស់សត្វមូសដែលនាំមកនូវជំងឺដូចជាគ្រុនឈាម ដោយធ្វើឱ្យរដូវវស្សាក្លាយជាដំណាក់កាលដែលជំងឺនេះមានការរីករាលដាល។ នាយកដ្ឋានគ្រប់គ្រងជំងឺ (DDC) របស់ប្រទេសថៃបានរាយការណ៍អំពីករណីជំងឺគ្រុនឈាមចំនួន ២០ ០០០នាក់ ជាមួយនឹងករណីស្លាប់ចំនួន ១៧នាក់ចាប់តាំងពីដើមឆ្នាំនេះមក។

ជំងឺគ្រុនឈាមរួមជាមួយនឹងជំងឺផ្សេងៗទៀតដែលមានមូសជាភ្នាក់ងារចម្លង ជាធម្មតាត្រូវបានគេរកឃើញថាបានរីករាលដាលនៅរដូវវស្សា។ DDC បាននិយាយថា ករណីជំងឺគ្រុនឈាមកាន់តែច្រើននឹងត្រូវបានរកឃើញពេញមួយឆ្នាំនេះ យោងទៅតាមវដ្តនៃរោគរាតត្បាត។

នៅចន្លោះពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី២៤ ខែសីហា មានករណីជំងឺគ្រុនឈាមចំនួន ១៩ ៣៨០នាក់ត្រូវបានរាយការណ៍។ អ្នកជំងឺចំនួន ១៧នាក់បានស្លាប់ដោយសារជំងឺនេះ។ ចំនួនអ្នកឆ្លង គឺមានចំនួន ២,៨ដងច្រើនជាងឆ្នាំមុន។

ភាគច្រើននៃករណីកើតជំងឺដែលត្រូវបានរាយការណ៍ក្នុងអំឡុងពេលនេះ គឺកុមារដែលមានអាយុពី ៥ឆ្នាំទៅ ១៤ឆ្នាំ បន្ទាប់មកគឺមនុស្សវ័យក្មេងនៅអាយុចន្លោះពី ១៥-២៤ឆ្នាំ និងទារកទើបនឹងកើត។

ករណីជំងឺនោះអាចត្រូវបានរកឃើញនៅគ្រប់តំបន់ទាំងអស់នៅក្នុងប្រទេសថៃ។ ករណីកើតភាគច្រើនត្រូវបានរកឃើញនៅក្នុងខេត្តមេហុងសុន ខេត្តឈៀងម៉ៃ ខេត្តតាក ខេត្តស៊ីសាកេត និងខេត្ត អ៊ូប៊ុនរ៉ាចថានី។

DDC កំពុងលើកទឹកចិត្តដល់សាធារណជនទូទៅឱ្យរក្សាផ្ទះ និងសាលារៀនរបស់ពួកគេឱ្យស្អាត និងមិនត្រូវមានទឹកដក់ ហើយត្រូវមានគម្របធុងទឹក និងត្រូវសម្អាតសំរាមឱ្យស្អាត ដោយសារវាជាកន្លែងដែលមូសអាចពងបាន។ ការអនុវត្តទាំងនេះនឹងជួយការពារពួកគេពីជំងឺគ្រុនឈាម និងជំងឺដែលបណ្តាលមកពីមូសខ្លាផ្សេងទៀតដូចជាដូចជាជំងឺជីគុងហ្គុនយ៉ា និងជំងឺហ្ស៊ីកា៕

ប្រភព៖ ក្រសួងព័ត៌មាន