បរទេស៖ អត្រាអតិផរណារបស់ប្រទេសថៃនៅក្នុងខែសីហាបានកើនឡើងបន្តិចពីខែមុនដល់កម្រិតខ្ពស់មួយក្នុងរយៈពេល ១៤ឆ្នាំកន្លងមកនេះ ដែលស្របទៅតាមការព្យាករ និងការពង្រឹងការរំពឹងទុកនៃការដំឡើងអត្រាការប្រាក់បន្ថែមទៀតនៅចុងខែនេះ។
ទិន្នន័យពីក្រសួងពាណិជ្ជកម្មថៃបានបង្ហាញថា សន្ទស្សន៍តម្លៃអ្នកប្រើប្រាស់ (CPI) បានកើនឡើង ៧,៨៦% នៅក្នុងខែសីហាបើធៀបទៅនឹងឆ្នាំមុន ដែលជំរុញដោយតម្លៃថាមពល និងមូលដ្ឋានទាបកាលពីឆ្នាំមុន។ នោះបើធៀបទៅនឹងការកើនឡើង ៧,៨៥% នៅក្នុងការស្ទង់មតិមួយរបស់សារព័ត៌មានរ៉យទ័រ។
ល្បឿននៃការកើនឡើងអតិផរណាដែលលឿនបំផុតចាប់តាំងពីខែកក្កដា ឆ្នាំ២០០៨ មក គឺមានចំនួន ៧,៦១% កាលពីក្នុងខែកក្កដា ហើយលើសពីកម្រិតគោលដៅរបស់ធនាគារកណ្តាលដែលមានចន្លោះពី ១% ទៅ ៣% ។ អ្នកសេដ្ឋកិច្ចបានរំពឹងទុកថានឹងមានការដំឡើងអត្រាការប្រាក់បន្ថែមទៀតនៅក្នុងកិច្ចប្រជុំបន្ទាប់មួយរបស់ធនាគារកណ្តាលនៅថ្ងៃទី២៨ ខែកញ្ញាខាងមុខនេះ។
ទោះជាយ៉ាងណាក៏ដោយ មន្ត្រីក្រសួងពាណិជ្ជកម្មថៃ លោក រ៉ុនណារ៉ុង ភូលពីប៉ាត់ បានកត់សម្គាល់ថា អត្រាអតិផរណានៅក្នុងខែសីហាអាចនឹងជាកម្រិតកំពូល។
លោកបាននិយាយថា «អតិផរណាបានស្ថិតនៅកម្រិត ៧% សម្រាប់រយៈពេលបីខែជាប់ៗគ្នា ដែលបានបង្ហាញថា វាបានឡើងដល់កម្រិតកំពូល ហើយនឹងធ្លាក់ចុះវិញ ប្រសិនបើស្ថានភាពតម្លៃនៅតែបន្តដូចនេះ»។
មន្ត្រីរូបនោះក៏បាននិយាយផងដែរថា ក្រសួងមើលឃើញនូវអតិផរណាប្រហែល ៥% នៅក្នុងត្រីមាសទី៤ និងចន្លោះពី ៥,៥% ទៅ ៦,៥% នៅក្នុងឆ្នាំ២០២២ ដោយលោកបាននិយាយបន្ថែមថា វិធានការគាំទ្ររបស់រដ្ឋាភិបាល រួមទាំងការឧបត្ថម្ភធនថាមពល និងការគ្រប់គ្រងតម្លៃមួយចំនួនបានជួយពន្យឺតការកើនឡើងនៃអតិផរណា៕
ប្រភព៖ ក្រសួងព័ត៌មាន