រុស្ស៊ីសង្ឃឹមទំនាក់ទំនងខ្លួនជាមួយអង់គ្លេសនឹងមិនអាក្រក់ជាងនេះ នៅពេលដែលនាយករដ្ឋមន្ត្រីថ្មីឡើងកាន់ដំណែង

0

បរទេស៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌ្មីទ្រី ប៉េស្កូវ បាននិយាយនៅក្នុងបទសម្ភាសន៍មួយជាមួយទូរទស្សន៍ RBC កាលពីថ្ងៃអង្គារថា នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី លីហ្ស ទ្រូសស៍ ដែលកំពុងចូលកាន់តំណែងនោះធ្លាប់បាននិយាយពាក្យប្រមាថប្រឆាំងនឹងរុស្ស៊ី ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ទីក្រុងមូស្គូសង្ឃឹមថា ទំនាក់ទំនងរបស់ខ្លួនជាមួយទីក្រុងឡុងដ៍នឹងមិនកាន់តែអាក្រក់ទៅៗនោះទេ។

អ្នកនាំពាក្យវិមានក្រឹមឡាំងបាននិយាយថា «ខ្ញុំគិតថា ក្នុងស្ថានភាពនៃទំនាក់ទំនងរវាងរុស្ស៊ី-អង់គ្លេសបច្ចុប្បន្ននេះ យើងអាចសង្ឃឹមបានតែរឿងមួយប៉ុណ្ណោះ ដែលវានឹងមិនកាន់តែអាក្រក់ទៅៗ។ យោងតាមរូបលោកបានឱ្យដឹងថា ស្ថានភាពបច្ចុប្បន្ននេះ «អាចត្រូវបានវិនិច្ឆ័យដោយសេចក្តីថ្លែងការណ៍ដែលលោកស្រី ទ្រូសស៍ បានធ្វើឡើងនៅពេលដែលលោកស្រីកាន់តំណែងជារដ្ឋមន្ត្រីការបរទេស និងជាគូប្រជែងសម្រាប់តំណែងមេដឹកនាំគណបក្ស»។ លោក ប៉េស្កូវ បានចង្អុលបង្ហាញថា «លោកស្រីមិនបាននិយាយអ្វីល្អអំពីយើងទេ។ លើសពីនេះទៅទៀត ខ្ញុំអាចនិយាយដោយការសោកស្តាយថា សេចក្តីថ្លែងការណ៍របស់លោកស្រី គឺពិតជាមានភាពឈ្លានពាន មិនរួសរាយរាក់ទាក់ និងគ្មានការស្ថាបនានោះទេ»។

លោកបាននិយាយដោយសង្ខេបថា «វាមានសុវត្ថិភាពក្នុងការសន្មត់ថា គ្មានអ្វីនឹងផ្លាស់ប្តូរច្រើនទេនៅក្នុងទំនាក់ទំនងនាពេលអនាគតដ៏ខ្លីខាងមុខនេះ»។ លោក ប៉េស្កូវ បានបញ្ជាក់យ៉ាងដូច្នេះថា «សម្រាប់ស្ថានភាពកាន់តែយ៉ាប់យ៉ឺនដែលអាចកើតមាននោះ នឹងមិនអាចបដិសេធបានទេ។ នៅពេលនេះ យើងមិនអាចបដិសេធអ្វីទាំងអស់បានទេ ដោយសារភាពមិនអាចទាយទុកជាមុនបានរបស់គូប្រជែងរបស់យើង»៕

ប្រភព៖ ក្រសួងព័ត៌មាន