បរទេស៖ គណៈកម្មការមូលបត្រ (SEC) របស់ប្រទេសថៃ បានដាក់ចេញនូវច្បាប់ថ្មីស្តីពីការផ្សាយពាណិជ្ជកម្មសម្រាប់ក្រុមហ៊ុនរូបិយប័ណ្ណអេឡិចត្រូនិកគ្រីពតូ ដោយសារឧស្សាហកម្មនេះស្ថិតនៅក្រោមការត្រួតពិនិត្យកាន់តែខ្លាំងពីអាជ្ញាធរ។
SEC បាននិយាយកាលពីសប្តាហ៍មុនថា ច្បាប់ថ្មីនេះរួមមានការបង្ហាញយ៉ាងច្បាស់នូវហានិភ័យនៃការវិនិយោគក្នុងការផ្សាយពាណិជ្ជកម្ម និងការផ្តល់នូវទស្សនៈប្រកបដោយតុល្យភាពនៃហានិភ័យ និងផលចំណេញដែលអាចកើតមាន។ ព័ត៌មានស្តីពីលក្ខខណ្ឌនៃការផ្សាយពាណិជ្ជកម្មក៏ត្រូវតែផ្តល់ដល់និយតករផងដែរ។
SEC បាននិយាយថា «ប្រតិបត្តិករត្រូវតែផ្តល់ព័ត៌មានលម្អិតនៃការផ្សាយពាណិជ្ជកម្ម និងការចំណាយ រួមទាំងការប្រើប្រាស់អ្នកមានឥទ្ធិពល និងអ្នកសរសេរប្លុកដល់ SEC រួមទាំងលក្ខខណ្ឌ និងពេលវេលាផងដែរ» ដោយគណៈកម្មការនោះបាននិយាយបន្ថែមថា ប្រតិបត្តិករមានរយៈពេល ៣០ថ្ងៃដើម្បីអនុវត្តតាមច្បាប់ថ្មីនេះ។ បណ្តាក្រុមហ៊ុនរូបិយប័ណ្ណគ្រីពតូនៅក្នុងប្រទេសថៃ បានធ្វើការផ្សព្វផ្សាយពាណិជ្ជកម្មយ៉ាងខ្លាំងនៅលើប្រព័ន្ធផ្សព្វផ្សាយឌីជីថល ហើយផ្ទាំងប៉ាណូផ្សព្វផ្សាយឧស្សាហកម្មមួយនេះក៏អាចត្រូវបានគេមើលឃើញផងដែរនៅទូទាំងទីក្រុងបាងកក។
ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ និយតករក៏បានផ្តល់ការផាកពិន័យដល់បណ្តាក្រុមហ៊ុនរូបិយប័ណ្ណគ្រីពតូមួយចំនួនដែរ ជាមួយនឹងប្រតិបត្តិការជាច្រើនដែលត្រូវបានរងផលប៉ះពាល់ដោយសារការធ្លាក់ចុះជាសកលនៃតម្លៃរូបិយប័ណ្ណឌីជីថល។ លោក សំរិត វ៉ាចាណាសាធៀន នាយកប្រតិបត្តិពីប្រតិបត្តិករក្នុងស្រុក Bitkub ត្រូវបានផាកពិន័យទឹកប្រាក់ចំនួន ៨,៥លានបាត (២៣១ ៦៧០,៧៥ដុល្លារអាម៉េរិក) នៅក្នុងសប្តាហ៍នេះ សម្រាប់ការជួញដូរនៅខាងក្នុង។ លោក សំរិត បាននិយាយថា លោកនឹងប្តឹងឧទ្ធរណ៍ចំពោះសេចក្តីសម្រេចនេះ។
កាលពីខែមុន ក្រុមហ៊ុនផ្តល់ប្រាក់កម្ចីធំជាងគេទីបួនរបស់ប្រទេសថៃ SCBX Pcl បានលុបចោលគម្រោងទិញ Bitkub របស់ខ្លួនជុំវិញការព្រួយបារម្ភអំពីបទប្បញ្ញត្តិថ្មីនេះ។ ប្រតិបត្តិករគូប្រជែង Zipmex ដែលផ្តោតសំខាន់ទៅលើតំបន់អាស៊ីត្រូវបានពិន័យជាប្រាក់ចំនួន ១,៩២លានបាតកាលពីថ្ងៃពុធ ទី៣១ ខែសីហា) សម្រាប់ការផ្អាកការដកប្រាក់នៅចុងខែកក្កដា៕
ប្រភព៖ ក្រសួងព័ត៌មាន