បរទេស៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡារបស់ប្រទេសថៃ លោក ពីប៉ាត់ រ៉ាតចាគីតប្រាកាន បាននិយាយកាលពីថ្ងៃទី៥ ខែកញ្ញាថា គណៈរដ្ឋមន្ត្រីថៃអាចត្រូវបានស្នើសុំឱ្យមានការអនុម័តនៅក្នុងខែតុលានេះ ដើម្បីប្រមូលថ្លៃចូលទៅក្នុងប្រទេសពីភ្ញៀវទេសចរបរទេស ដែលត្រូវបានរំពឹងថានឹងអនុវត្តនៅដើមឆ្នាំក្រោយ។
លោក ពីប៉ាត់ បាននិយាយថា សាកលវិទ្យាល័យ Naresuan កំពុងសិក្សាអំពីអត្រាថ្លៃចូលដ៏សមរម្យសម្រាប់អ្នកទេសចរបរទេសដែលមកដល់តាមផ្លូវគោក ហើយការសិក្សានេះគួរតែត្រូវបានបញ្ចប់នៅក្នុងខែនេះ។
លោក ពីប៉ាត់ បាននិយាយថា បន្ទាប់មកអត្រាថ្លៃចូលនឹងត្រូវដាក់ជូនគណៈរដ្ឋមន្ត្រីដើម្បីអនុម័តនៅក្នុងខែតុលានេះ ដោយបានកត់សម្គាល់ថា នៅពេលដែលត្រូវបានអនុម័ត អត្រានេះនឹងត្រូវបោះពុម្ពនៅក្នុងរាជកិច្ច ហើយពួកគេនឹងចូលជាធរមានក្នុងរយៈពេល ៩០ថ្ងៃក្រោយ។
រដ្ឋមន្ត្រីរូបនោះបាននិយាយថា ការអនុវត្តអត្រាថ្លៃចូលទស្សនារបស់ទេសចរបរទេសនឹងចូលជាធរមាននៅដើមឆ្នាំក្រោយ។ គណៈកម្មាធិការគោលនយោបាយជាតិទេសចរណ៍បានអនុម័តទៅលើសំណើរបស់ក្រសួងទេសចរណ៍ និងកីឡា ដើម្បីប្រមូលថ្លៃសេវាចំនួន ៣០០បាត (៨ដុល្លារអាម៉េរិក) ពីគ្រប់ភ្ញៀវទេសចរបរទេសទាំងអស់ដែលចូលទៅក្នុងប្រទេសថៃក្នុងខែមករា។
ប៉ុន្តែក្រោយមក លោក ពីប៉ាត់ បាននិយាយថា វានឹងមិនយុត្តិធម៌ទេក្នុងការប្រើប្រាស់អត្រាដូចគ្នាសម្រាប់អ្នកទេសចរដែលមកដល់ដោយមធ្យោបាយដឹកជញ្ជូនផ្សេងៗគ្នា ដូច្នេះលោកបានចាត់ឱ្យសាកលវិទ្យាល័យនោះសិក្សាអំពីអត្រាសមស្របដែលត្រូវប្រមូលពីអ្នកទេសចរបរទេសដែលមកដល់តាមផ្លូវគោក។ លោក ពីប៉ាត់ បាននិយាយថា ភ្ញៀវទេសចរបរទេសដែលទៅដល់តាមផ្លូវគោកមាននិន្នាការស្នាក់នៅក្នុងរយៈពេលខ្លីជាងអ្នកទៅដល់តាមផ្លូវអាកាស។
លោកបាននិយាយថា ថ្លៃចូលទៅក្នុងប្រទេសនោះនឹងត្រូវប្រើប្រាស់សម្រាប់ទិញធានារ៉ាប់រងចំពោះភ្ញៀវទេសចរបរទេស ដើម្បីកុំឱ្យរដ្ឋាភិបាលចំណាយទៅលើថ្លៃព្យាបាលភ្ញៀវទេសចរបរទេសដែលរងរបួសដោយគ្រោះថ្នាក់ផ្សេងៗ។ លោកបានបង្ហើបថា រដ្ឋាភិបាលបានចំណាយថវិកាប្រមាណពី ៣០០លានទៅ ៤០០លានបាតក្នុងមួយឆ្នាំសម្រាប់ព្យាបាលភ្ញៀវទេសចរបរទេសដែលរងរបួសមុនពេលមានជំងឺរាតត្បាតកូវីដ-១៩៕
ប្រភព៖ ក្រសួងព័ត៌មាន