ប្រទេសមួយនេះ លែងតម្រូវអោយធ្វើតេស្ត PCR មុនពេលធ្វើដំណើរចូលទៅប្រទេសខ្លួនហើយ

0

បរទេស៖ ចាប់ពីថ្ងៃសៅរ៍សប្តាហ៍មុនមក ប្រទេសកូរ៉េខាងត្បូងបានផ្អាកកាតព្វកិច្ចនៃការធ្វើតេស្តរកជំងឺកូវីដ-១៩ មុនពេលចេញដំណើរចូលទៅក្នុងប្រទេសនោះ ប៉ុន្តែកាតព្វកិច្ចចាំបាច់នៃការធ្វើតេស្ត PCR ក្នុងរយៈពេល ២៤ម៉ោងដំបូងនៃការចូលទៅក្នុងប្រទេសនេះនៅតែត្រូវបានអនុវត្ត។

អាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូងនៅតែមានការប្រុងប្រយត្ន័ចំពោះការកើនឡើងនូវករណីឆ្លងថ្មីដែលអាចកើតមាននៅចុងខែនេះ ខណៈដែលប្រជាជនកូរ៉េជាច្រើនត្រូវបានគេរំពឹងថានឹងធ្វើដំណើរទៅកាន់ស្រុកកំណើតរបស់ពួកគេក្នុងអំឡុងពេលថ្ងៃឈប់សម្រាក Chuseok ដែលមានរយៈពេលបួនថ្ងៃដោយចាប់ផ្តើមពីថ្ងៃសុក្រសប្តាហ៍នេះ។

ក្នុងចំណោមករណីឆ្លងក្នុងស្រុកចំនួន ៧១ ៩០៣នាក់ ទីក្រុងសេអ៊ូលមានចំនួន ១១ ៩២៨នាក់ ហើយខេត្តជីយឹងគីដែលនៅជុំវិញរដ្ឋធានីមានចំនួន ១៨ ៣៥១នាក់។ ទីក្រុងអ៊ីនឈុនដែលជាទីក្រុងកំពង់ផែចម្ងាយ ២៧គីឡូម៉ែត្រភាគខាងលិចទីក្រុងសេអ៊ូលចំនួន ៣ ៩៣០នាក់។

ទន្ទឹមនឹងនេះដែរ ក្រសួងការពារជាតិកូរ៉េខាងត្បូងបានរាយការណ៍ពីករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩ ចំនួន ៥៦០នាក់បន្ថែមទៀត ក្នុងចំណោមសមាជិកកងទាហានរបស់ខ្លួន។

ករណីឆ្លងថ្មីទាំងនោះ រួមមាន ៤០៥នាក់មកពីកងកម្លាំងកងទ័ព ៧៤នាក់មកពីកងទ័ពអាកាស ២០នាក់មកពីកងទ័ពជើងទឹក ៣៤នាក់មកពីកងម៉ារីន និង ២៧នាក់មកពីអង្គភាពក្រោមការគ្រប់គ្រងផ្ទាល់របស់ក្រសួង។ បច្ចុប្បន្ននេះ កងយោធាចំនួន ៤ ៩៦៣នាក់កំពុងស្ថិតក្រោមការព្យាបាល៕

ប្រភព៖ ក្រសួងព័ត៌មាន