ភ្នំពេញ៖ លោក Sun Yaoguo ប្រធានក្រុមហ៊ុន PPSHV ដែលជា ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់សាជីវកម្មស្ពាន និងថ្នល់ចិន(CRBC) ថ្លែងថា សុវត្ថិភាពចរាចរណ៍ត្រូវតែជាអាទិភាពទីមួយបន្ទាប់ពីការបើកដំណើរការផ្លូវល្បឿន លឿនភ្នំពេញ-ព្រះសីហនុ ហើយកង់ និងម៉ូតូមិនត្រូវបានអនុញ្ញាតឲ្យធ្វើដំណើរនៅលើផ្លូវល្បឿនលឿនឡើយ។
ការថ្លែងដូច្នេះ បានធ្វើឡើងក្នុងព្រឹត្តិការណ៍កីឡាជិះកង់លើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដែលមានកីឡាករជិះកង់កម្ពុជាប្រមាណជាង៣០០នាក់ រួមនឹងប្រតិភូអមផ្សេងទៀត ក្នុងគោលបំណងបង្ហាញពីការ«អរគុណសន្តិភាព» ក៏ដូចជាដើម្បីស្គាល់ពីស្ថានភាព ខណៈផ្លូវប្រហែលជិត២០០គីឡូម៉ែត្រនេះ នឹងមិនអនុញ្ញាតឱ្យកង់ និងម៉ូតូធ្វើដំណើរក្នុងពេលដំណើរការជាផ្លូវការនោះឡើយ។
លោកបញ្ជាក់ដូច្នេះថា «នៅពេលយានយន្តបើកបរជាធម្មតានៅលើផ្លូវល្បឿន លឿន គឺល្បឿនអប្បបរមាមិនត្រូវបើកទាបជាង៦០ គីឡូម៉ែត្រ ក្នុងមួយម៉ោងនោះឡើយ ហើយល្បឿនអតិបរមា ក៏មិនត្រូវបើកលើសពី១២០គីឡូម៉ែត្រ ក្នុងមួយម៉ោងនោះដែរ។ ជាមួយគ្នានេះ មិនអាចបើកបញ្ច្រាស ថយក្រោយឡើយ និងមិនអាចវ៉ាជែង និងចតឡាននៅលើផ្លូវជម្រាលឡើយ»។ លោកបន្តថា ផ្លូវល្បឿនលឿននេះ នឹងជួយកម្ពុជាទាក់ទាញការវិនិយោគពីបរទេស និងជំរុញសេដ្ឋកិច្ចតាមបណ្តោយផ្លូវនេះ ដែលជាសមិទ្ធផលថ្មីក្នុងការអភិវឌ្ឍន៍ប្រទេស។ «ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ នឹងត្រូវបើកដំណើរការជាផ្លូវការនៅថ្ងៃទី១ ខែតុលា ហើយនឹងផ្តល់ការងាររាប់ពាន់កន្លែងក្នុងប្រទេសកម្ពុជា បន្ទាប់ពីវាបើកឱ្យដំណើរការចរាចរណ៍»។ លោក Sun បន្ថែម។
ក្រុមអ្នកជិះកង់ និងអ្នកដែលចូលរួមអមដំណើរផ្សេងទៀត ដែលជិះកង់លើផ្លូវ ល្បឿនលឿនភ្នំពេញ-ព្រះសីហនុ បានបង្ហាញពីអារម្មណ៍រំភើបរីករាយ ចំពោះមោទកភាពកម្ពុជា ដែលមានផ្លូវធំទូលាយដំបូងគេនេះ។
ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ លាតសន្ធឹងលើខេត្តចំនួន៥ ដោយចាប់ផ្តើមពីផ្លូវក្រវាត់ក្រុងទី៣ ក្នុងរាជធានីភ្នំពេញ និងបញ្ចប់នៅក្នុងស្រុកស្ទឹងហាវ ក្រុងព្រះសីហនុ ដោយមានប្រវែងសរុប១៨៧គីឡូម៉ែត្រ។ ផ្លូវល្បឿនលឿនដំបូងនៅកម្ពុជានេះ នឹងអនុញ្ញាតឱ្យពលរដ្ឋបើកបរសាកល្បងដោយមិនគិតកម្រៃពេញមួយខែនៅខែតុលាខាងមុខនេះ បន្ទាប់សំណង់រួចរាល់ទាំងស្រុង។
ប្រធានក្រុមហ៊ុន PPSHV បានឱ្យដឹងថា ចាប់ពីខែវិច្ឆិកា ឆ្នាំ២០២២ ដល់ខែតុលា ឆ្នាំ២០២៣ ទទូលបានការបញ្ចុះតម្លៃ២០ភាគរយ។ បន្ទាប់ពីនោះ ស្តង់ដារការគិតថ្លៃធម្មតា នឹងត្រូវបានធ្វើឡើងវិញ ហើយអ្នកប្រើប្រាស់កាតអេឡិចត្រូនិក ETC នឹងអាចរីករាយជាមួយគោលការណ៍អនុគ្រោះបន្ថែមទៀត។
ក្រុមហ៊ុន បានឱ្យដឹងដែរថា ផ្លូវនេះ មានកាមេរ៉ាចាប់៦០គ្រឿង ស្លាកសញ្ញាបញ្ជាក់ទីតាំងចំនួន១៨ ស្ថានីយត្រួតពិនិត្យអាកាសធាតុចំនួន៣ ឧបករណ៍ចាប់ចំនួនរថយន្តដែលធ្វើចរាចរណ៍ចំនួន១២ រួមបញ្ចូលនិងការវិភាគព័ត៌មានតាមរយៈប្រព័ន្ធកុំព្យូទ័រ ប្រព័ន្ធត្រួតពិនិត្យ ប្រព័ន្ធប្រមូលនិងបញ្ចេញព័ត៌មាន ប្រព័ន្ធបញ្ជូនទិន្នន័យ ជាដើម ដើម្បីធានាថា ផ្លូវអាចសម្រួលយ៉ាងឆាប់រហ័សនៅក្នុងករណីមានគ្រោះអាសន្នផ្សេងៗ ដូចជាអាកាសធាតុអាក្រក់ គ្រោះធម្មជាតិ និងគ្រោះថ្នាក់ចរាចរណ៍៕
ប្រភព៖ ក្រសួងព័ត៌មាន