បរទេស៖ ករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩ របស់ប្រទេសកូរ៉េខាងត្បូងបានបន្តនៅក្រោមចំនួន ១០០ ០០០នាក់ក្នុងរយៈពេលបួនថ្ងៃជាប់គ្នា។ នេះបើយោងតាមអាជ្ញាធរសុខាភិបាលរបស់ប្រទេសនេះបានឱ្យដឹងកាលពីថ្ងៃអាទិត្យ។
ទីភ្នាក់ងារគ្រប់គ្រង និងបង្ការជំងឺកូរ៉េ (KDCA) បាននិយាយថា ករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩ ចំនួន ៧២ ១៤៤នាក់ រួមមាន ២៤១នាក់ជាករណីនាំចូលពីក្រៅប្រទេសដែលត្រូវបានបញ្ជាក់ ហើយបានធ្វើឱ្យករណីឆ្លងសរុបនៅក្នុងប្រទេសកើនឡើងដល់ ២៣ ៥៦៩ ១៩២នាក់។
ករណីឆ្លងប្រចាំថ្ងៃបានកើនឡើងដល់ចំនួន ១១៥ ៦១៥នាក់កាលពីថ្ងៃទី៣០ ខែសីហា ពីចំនួន ៤៣ ១១៤នាក់នៅមួយថ្ងៃមុននេះ ប៉ុន្តែវាបានបន្តធ្លាក់ចុះក្នុងរយៈពេលប្រាំមួយថ្ងៃចុងក្រោយចាប់ពីថ្ងៃទី៣០ ខែសីហា រហូតដល់ថ្ងៃអាទិត្យម្សិលមិញ។ តួលេខកាលពីថ្ងៃអាទិត្យបានធ្លាក់ចុះចំនួន ១៣ ០៨៩នាក់ បើប្រៀបធៀបទៅនឹងសប្តាហ៍មុន។
KDCA បានរាយការណ៍ពីករណីស្លាប់ដោយសារជំងឺកូវីដ-១៩ ចំនួន ៧៩នាក់បន្ថែមទៀត ដែលធ្វើឱ្យករណីស្លាប់សរុបមានចំនួន ២៧ ០៩៣នាក់។ ចំនួនអ្នកជំងឺធ្ងន់ធ្ងរបានកើនឡើង ២៨នាក់បន្ថែមទៀត ដែលធ្វើឱ្យចំនួនសរុបឡើងដល់ ៥៤៨នាក់៕
ប្រភព៖ ក្រសួងព័ត៌មាន