ហុងគ្រី ប្រាប់អោយបណ្តាប្រទេសនៅសហភាពអឺរ៉ុបគួរតែបញ្ឈប់សកម្មភាពដែលជួយបង្កើនជម្លោះនៅអ៊ុយក្រែន

0

បរទេស៖ រដ្ឋមន្ត្រីការបរទេសហុងគ្រី លោក ភែទ័រ ហ្ស៊ីជចារតូ បាននិយាយកាលពីថ្ងៃអង្គារថា បណ្តាប្រទេសនៅសហភាពអឺរ៉ុបគួរតែបញ្ឈប់សកម្មភាពដែលជួយបង្កើនជម្លោះនៅអ៊ុយក្រែន និងជំនួសមកវិញនូវការផ្តោតជាសំខាន់ទៅលើដំណោះស្រាយដោយសន្តិវិធី។

លោកបាននិយាយនៅក្នុងវីដេអូមួយដែលត្រូវបានបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកថា (បណ្តាញសង្គមនេះត្រូវបានហាមប្រាមនៅក្នុងប្រទេសរុស្ស៊ីដោយសារវាជាកម្មសិទ្ធិរបស់ក្រុមហ៊ុនសាជីវកម្ម Meta ដែលត្រូវបានកំណត់ថាជាក្រុមជ្រុលនិយមនៅក្នុងប្រទេសរុស្ស៊ី) ថា «នៅក្នុងកិច្ចប្រជុំរបស់រដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុប ខ្ញុំនឹងស្នើសុំឱ្យមានការបញ្ចប់សង្រ្គាមជាស្ថាពរ»។

លោក ហ្ស៊ីជចារតូ ដែលបានទៅកាន់ទីក្រុង Prague សម្រាប់កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុបកាលពីថ្ងៃពុធនោះបាននិយាយថា ឥឡូវនេះ វាចាំបាច់ណាស់ដើម្បីបំភ្លេចសំណើនានាដែលគំរាមកំហែងដល់ការកើនឡើងនៃសង្រ្គាម និងអនុញ្ញាតឱ្យអឺរ៉ុបផ្តោតជាសំខាន់ទៅលើសន្តិភាព ព្រោះផលវិបាកនៃសង្រ្គាមនឹងកាន់តែមានភាពសោកនាដកម្មបន្ថែមទៀត បើមិនមានសន្តិភាពក្នុងរយៈពេលដ៏ខ្លីខាងមុខទេនោះ»។

រដ្ឋមន្ត្រីការបរទេសរូបនោះបានលើកឡើងនូវបញ្ជីនៃការគំរាមកំហែងដល់សេដ្ឋកិច្ចពិភពលោកដែលត្រូវបានបង្កឡើងដោយជម្លោះនៅអ៊ុយក្រែន និងការដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ីដែលបណ្តាលឱ្យមានវិបត្តិថាមពល លំហូរចេញនៃធនធានការងារ កង្វះខាតក្នុងទីផ្សារស្បៀងអាហារពិភពលោក និងរលកថ្មីៗនៃការចំណាកស្រុក។

លោកបាននិយាយបន្ថែមថា «យើងគួរតែទុកចោលនូវសំណើនានាដែលធ្វើឱ្យសង្គ្រាមកាន់តែកើនឡើង ហើយត្រូវផ្តោតជាសំខាន់ទៅលើការបង្កើតសន្តិភាពក្នុងពិភពលោក»។

បណ្តារដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុបបានបើកកិច្ចប្រជុំក្រៅផ្លូវការមួយនៅទីក្រុង Prague កាលពីថ្ងៃពុធដើម្បីពិភាក្សាអំពីស្ថានភាពនៅអ៊ុយក្រែន និងការផ្តល់ជំនួយបន្ថែមដល់រដ្ឋាភិបាលទីក្រុងកៀវ៕

ប្រភព៖ ក្រសួងព័ត៌មាន