បរទេស៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian បាននិយាយកាលពីថ្ងៃពុធថា ការរិះគន់ចំពោះភាពគ្មានទំនួលខុសត្រូវរបស់អង្គការណាតូចំពោះភាពជាដៃគូរវាងរុស្ស៊ី-ចិននៅក្នុងតំបន់អាក់ទិក បានបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់សម្ព័ន្ធនោះដើម្បីបន្តស្មារតីនៃសង្គ្រាមត្រជាក់។
លោក Zhao បានកត់សម្គាល់ថា «អង្គការណាតូបាននិយាយដោយមិនទទួលខុសត្រូវថា កិច្ចសហប្រតិបត្តិការរវាងរុស្ស៊ី និងចិនជាការប្រឈមទៅនឹងប្រព័ន្ធនៃគុណតម្លៃ និងផលប្រយោជន៍របស់សម្ព័ន្ធនោះ ដែលបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់អង្គការណាតូក្នុងការនាំចេញគំនិតនៃសង្គ្រាមត្រជាក់ និងបង្កើតការប្រឈមមុខគ្នាក្នុងប្លុកឡើងវិញ»។
យោងតាម Zhao បានឱ្យដឹងថា អង្គការណាតូគួរតែបោះបង់ចោលភ្លាមៗនូវការគិតប្រកបដោយគ្រោះថ្នាក់នេះ ដែលបង្កឱ្យមានការភ័ន្តច្រឡំនៅក្នុងពិភពលោក។ អ្នកនាំពាក្យរូបនេះបាននិយាយបន្ថែមថា ប្រទេសចិនគោរពអធិបតេយ្យភាពនៃបណ្តារដ្ឋនៅតំបន់អាក់ទិក ក៏ដូចជាសិទ្ធិអធិបតេយ្យភាព និងយុត្តាធិការរបស់ពួកគេនៅក្នុងតំបន់ ដោយប្រកាន់ខ្ជាប់នូវគោលការណ៍នៃច្បាប់អន្តរជាតិ។
កាលពីថ្ងៃច័ន្ទ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌ្មីទ្រី ប៉េស្កូវ បានឆ្លើយតបទៅនឹងការអត្ថាធិប្បាយរបស់លោក ស្តូលធែនបឺក ដោយបាននិយាយថា តំបន់អាក់ទិក គឺជាតំបន់នៃសកម្មភាពសេដ្ឋកិច្ចរបស់រុស្ស៊ី ហើយកិច្ចសហប្រតិបត្តិការរបស់ទីក្រុងមូស្គូជាមួយប្រទេសចិននៅក្នុងតំបន់នោះមិនបង្កជាការគំរាមកំហែងដល់ប្រទេស ឬអង្គការណាមួយឡើយ។
កាលពីថ្ងៃទី២៥ ខែសីហា អគ្គលេខាធិការអង្គការណាតូ លោក ជែនស៍ ស្តូលធែនបឺក បាននិយាយថា កិច្ចសហប្រតិបត្តិការរវាងរុស្ស៊ី-ចិននៅក្នុងតំបន់ មិនបានឆ្លើយតបទៅនឹងផលប្រយោជន៍របស់សម្ព័ន្ធទេ និងបានជំរុញឱ្យអង្គការមួយនេះជំរុញវត្តមានរបស់ខ្លួននៅទីនោះ៕
ប្រភព៖ ក្រសួងព័ត៌មាន