ថៃកំណត់គោលដៅប្រាក់ចំណូលពីវិស័យទេសចរណ៍ក្នុងឆមាសទី២ អោយបានរហូតដល់ទៅ…

0

បរទេស៖ រដ្ឋាភិបាលថៃបានកំណត់គោលដៅប្រាក់ចំណូលពីវិស័យទេសចរណ៍ចំនួន ៤០០ប៊ីលានបាត (១១ប៊ីលានដុល្លារអាម៉េរិក) នៅក្នុងឆមាសទីពីរនៃឆ្នាំ២០២២ ដោយសារវិធានការរឹតត្បិតដោយសារជំងឺកូវីដ-១៩ នៅក្នុងប្រទេសនេះត្រូវបានបន្ធូរបន្ថយ។

ប្រទេសនៅអាស៊ីអាគ្នេយ៍មួយនេះបានមើលឃើញនូវការស្ទុះងើបឡើងវិញនៃចំនួនទេសចរណ៍ក្នុងរយៈពេល ៨ខែដំបូង ដោយបានចុះបញ្ជីភ្ញៀវទេសចរបរទេសជាង ៤លាននាក់។

ការទៅដល់របស់ភ្ញៀវបរទេសភាគច្រើនមកពីប្រទេសម៉ាឡេស៊ី ឥណ្ឌា និងសិង្ហបុរី ដោយរហូតមកដល់ពេលនេះ ប្រទេសថៃទទួលបានប្រាក់ចំណូលចំនួន ១៧៦ប៊ីលានបាត (៤,៩៣ប៊ីលានដុល្លារអាម៉េរិក)។

យោងតាមអ្នកនាំពាក្យរបស់រដ្ឋាភិបាលថៃ លោកស្រី រ៉ាចាដា ឌីណាឌីរេក បានឱ្យដឹងថា ប្រទេសនេះមានគោលដៅទទួលភ្ញៀវទេសចរណ៍ឱ្យបានចំនួន ១០លាននាក់នៅក្នុងឆ្នាំនេះ។

ដោយបានដកស្រង់ស្ថិតិពីក្រសួងពាណិជ្ជកម្មថៃ លោកស្រី រ៉ាចាដា បាននិយាយថា ការវិលត្រលប់មកវិញនៃភ្ញៀវទេសចរអន្តរជាតិបានធ្វើឱ្យមានការចុះបញ្ជីអាជីវកម្មទេសចរណ៍ថ្មីចំនួន ៥៤៩ ក្នុងរយៈពេល ៧ខែដំបូងនៃឆ្នាំនេះ ដែលមានការកើនឡើង ១៦៩% ពីមួយឆ្នាំទៅមួយឆ្នាំ។

រដ្ឋាភិបាលថៃបានប្រកាសកាលពីពេលថ្មីៗនេះថា ខ្លួននឹងពង្រីកទិដ្ឋាការទេសចរណ៍ដ៏ពេញនិយមបំផុតមួយពីចំនួន ១៥ថ្ងៃទៅដល់ ៣០ថ្ងៃ ដោយចាប់ផ្តើមពីក្នុងខែតុលាខាងមុខដើម្បីជំរុញវិស័យនេះបន្ថែមទៀត។

កាលពីឆ្នាំមុន ការទៅដល់របស់ភ្ញៀវទេសចរបរទេសបានធ្លាក់ចុះមកនៅត្រឹម ៤២៨ ០០០នាក់ ដោយសារតែជំងឺរាតត្បាតកូវីដ-១៩ បើធៀបទៅនឹងកំណត់ត្រានៃការទៅដល់របស់ភ្ញៀវទេសចរប្រមាណជិត ៤០លាននាក់កាលពីក្នុងឆ្នាំ២០១៩ នៅពេលដែលវិស័យទេសចរណ៍រួមចំណែក ១២% នៃផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសនេះ៕

ប្រភព៖ ក្រសួងព័ត៌មាន