ឥណ្ឌូនេស៊ី សម្រេចធ្វើរឿងមួយនេះ ដើម្បីស្តារវិស័យទេសចរណ៍ឡើងវិញ

0

បរទេស៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងសេដ្ឋកិច្ចច្នៃប្រឌិតរបស់ប្រទេសឥណ្ឌូណេស៊ី លោក សាន់ឌីអាហ្កា អ៊ូណូ បានប្រកាសថា តម្លៃសំបុត្រយន្តហោះសម្រាប់ជើងហោះហើរក្នុងស្រុកនឹងត្រូវកាត់បន្ថយចំនួន ១៥% ចាប់ពីសប្តាហ៍ក្រោយទៅ ដើម្បីជំរុញការស្តារឡើងវិញ និងការអភិវឌ្ឍវិស័យទេសចរណ៍។

ដោយកោតសរសើរចំពោះសេចក្តីសម្រេចសម្រាប់ការកាត់បន្ថយថ្លៃសំបុត្រយន្តហោះក្នុងរយៈពេលដ៏ខ្លីនោះ លោករដ្ឋមន្ត្រីបានរំពឹងថា ការកាត់បន្ថយនោះនឹងនាំមកនូវភាពល្អប្រសើរដល់ឧស្សាហកម្មទេសចរណ៍។

លោករដ្ឋមន្ត្រីបាននិយាយថា ក្រុមហ៊ុនអាកាសចរណ៍មួយចំនួន ដូចជាក្រុមហ៊ុនអាកាសចរណ៍ហ្ការូដាឥណ្ឌូណេស៊ី ក្រុមហ៊ុនអាកាសចរណ៍ស៊ីធីលីង និងក្រុមហ៊ុនអាកាសចរណ៍ឡាយអិនគ្រុប បានបន្ថែមជើងយន្តហោះដើម្បីជួយបញ្ចុះតម្លៃសំបុត្រយន្តហោះ។

លើសពីនេះទៀត ក្រុមហ៊ុនអាកាសចរណ៍អ៊ែរអាស៊ី និងក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិផ្សេងៗទៀតក៏កំពុងគាំទ្រដល់គំនិតផ្តួចផ្តើមនេះផងដែរ ដែលអាចធ្វើឱ្យតម្លៃសំបុត្រយន្តហោះកាន់តែមានតម្លៃសមរម្យ ជាពិសេសក្នុងរដូវវិស្សមកាលនៅចុងឆ្នាំនេះ។

រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនរបស់ប្រទេសឥណ្ឌូណេស៊ី លោក ប៊ូឌី កាលៀ ស៊ូម៉ាឌី បាននិយាយថា ការកាត់បន្ថយនោះនឹងចូលជាធរមានទៅលើជើងហោះហើរមួយចំនួនចាប់ពីសប្តាហ៍ក្រោយទៅ។

លោកបាននិយាយបន្ថែមថា ការកាត់បន្ថយកាលវិភាគជើងហោះហើរមួយចំនួន គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីបំពេញកៅអីទំនេរនៃជើងហោះហើរនីមួយៗ៕

ប្រភព៖ ក្រសួងព័ត៌មាន