ប្រធានាធិបតីរុស្ស៊ី និងប្រធានាធិបតីបេឡារុស ពិភាក្សាគ្នាអំពីស្ថានភាពនៅអ៊ុយក្រែន

0

បរទេស៖ កាលពីថ្ងៃអង្គារ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានអបអរសាទរសមភាគីបេឡារុស្ស លោក អាឡិចសាន់ដឺរ លូកាស្សិនកូ តាមរយៈកិច្ចសន្ទនាតាមទូរស័ព្ទសម្រាប់ថ្ងៃខួបកំណើតរបស់លោក។ សេវាសារព័ត៌មានរបស់វិមានក្រឹមឡាំងបាននិយាយថា មេដឹកនាំទាំងពីរក៏បានពិភាក្សាគ្នាអំពីរបៀបវារៈបច្ចុប្បន្ន ដែលរួមមានទាំងបញ្ហាអ៊ុយក្រែនផងដែរ។

សេចក្តីប្រកាសព័ត៌មាននោះបានសរសេរថា «នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានអបអរសាទរយ៉ាងកក់ក្តៅចំពោះប្រធានាធិបតីនៃសាធារណរដ្ឋបេឡារុស លោក អាឡិចសាន់ដឺរ លូកាស្សិនកូ សម្រាប់ថ្ងៃខួបកំណើតរបស់លោក»។

វិមានក្រឹមឡាំងបាននិយាយថា «បញ្ហាសំខាន់ៗមួយចំនួននៅលើរបៀបវារៈទ្វេភាគី ក៏ដូចជាស្ថានភាពនៅអ៊ុយក្រែនត្រូវបានពិភាក្សា»។

នៅក្នុងសារអបអរសាទរតាមបណ្តាញតេឡេក្រាមដែលបានបង្ហោះចូលទៅក្នុងគេហទំព័ររបស់វិមានក្រឹមឡាំងបានឱ្យដឹងថា លោក ពូទីន បានកត់សម្គាល់ពីការរួមចំណែកផ្ទាល់ខ្លួនដ៏អស្ចារ្យរបស់លោក លូកាស្សិនកូ ក្នុងការអភិវឌ្ឍទំនាក់ទំនងរវាងរុស្ស៊ី និងបេឡារុស្ស។

លោក ពូទីន បាននិយាយថា «អ្នកបានធ្វើការរួមចំណែកផ្ទាល់ខ្លួនដ៏អស្ចារ្យក្នុងការអភិវឌ្ឍទំនាក់ទំនងមិត្តភាពរវាងរុស្ស៊ី-បេឡារុស្ស និងភាពជាដៃគូក្នុងការទប់ទល់នឹងការគំរាមកំហែង និងបញ្ហាប្រឈមនានាចំពោះសន្តិសុខរួមរបស់យើង។ ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងដ៏ល្អ និងស្និទ្ធស្នាលរបស់យើង ដែលអនុញ្ញាតឱ្យយើងពិភាក្សាអំពីបញ្ហាស្មុគស្មាញបំផុតដោយស្មោះត្រង់ និងហ្មត់ចត់។ ខ្ញុំទន្ទឹងរង់ចាំការបន្តកិច្ចសន្ទនាប្រកបដោយការស្ថាបនា និងការងាររួមគ្នាយ៉ាងជិតស្និទ្ធដើម្បីជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ និងដើម្បីអភិវឌ្ឍសមាហរណកម្មបន្ថែមទៀតនៅក្នុងរង្វង់ក្របខ័ណ្ឌនៃរដ្ឋសហភាព»។

មេដឹកនាំរុស្ស៊ីបានចង្អុលបង្ហាញថា នេះពិតជាឆ្លើយតបទៅនឹងផលប្រយោជន៍ជាមូលដ្ឋានរបស់ប្រជាជនជាបងប្អូនរបស់យើង។

លោក ពូទីន បាននិយាយថា «ខ្ញុំសូមជូនពរដោយស្មោះឱ្យអ្នកមានសុខភាពល្អ សុភមង្គល វិបុលភាព និងជោគជ័យបន្តទៀត»៕

ប្រភព៖ ក្រសួងព័ត៌មាន