ប្រទេសឥណ្ឌូណេស៊ី បន្តការលើកលែងពន្ធទៅលើការនាំចេញ… រហូតដល់ចុងខែតុលា

0

បរទេស៖ ក្រសួងសម្របសម្រួលកិច្ចការសេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌូណេស៊ីបានប្រកាសកាលពីថ្ងៃទី២៩ សីហាថា ប្រទេសឥណ្ឌូណេស៊ីបានបន្តគោលនយោបាយគ្មានពន្ធលើការនាំចេញប្រេងដូងរហូតដល់ថ្ងៃទី ៣១ ខែតុលា។

រដ្ឋមន្ត្រីក្រសួងសម្របសម្រួលកិច្ចការសេដ្ឋកិច្ចឥណ្ឌូណេស៊ី លោក អ៊ែរឡាងហ្កា ហារតារតូ បាននិយាយថា ការពន្យារពេលនៃការលើកលែងពន្ធនាំចេញនេះនឹងរក្សាសន្ទុះបច្ចុប្បន្នដែលតម្លៃប្រេងដូងឆៅ និងប្រេងចម្អិនអាហារក្នុងស្រុកមានស្ថិរភាព ហើយតម្លៃផ្លែឈើស្រស់បានកើនឡើងដើម្បីឱ្យកសិករអាចទទួលបានអត្ថប្រយោជន៍បន្ថែម។

ក្រុមហ៊ុនផលិតប្រេងដូងឥណ្ឌូណេស៊ីបានជួបការលំបាកជាមួយនឹងការស្តុកទុកច្រើន បន្ទាប់ពីប្រទេសនេះបានដាក់បម្រាមនាំចេញរយៈពេលបីសប្តាហ៍ចាប់ពីថ្ងៃទី២៨ ខែមេសាដល់ថ្ងៃទី២៣ ខែឧសភា ដើម្បីកាត់បន្ថយតម្លៃប្រេងចម្អិនអាហារក្នុងស្រុក។

ចាប់តាំងពីការដកបម្រាមនេះមក ឥណ្ឌូណេស៊ីបានអនុវត្តច្បាប់ស្តីពីការលក់ក្នុងស្រុកជាកាតព្វកិច្ច ដែលត្រូវបានគេស្គាល់ថាជាកាតព្វកិច្ចទីផ្សារក្នុងស្រុក (DMO) ដើម្បីរក្សាផលិតកម្មប្រេងចម្អិនអាហារក្នុងស្រុក។

គោលនយោបាយបណ្តោះអាសន្ននៃការកាត់ពន្ធទៅលើការនាំចេញប្រេងដូងមកនៅត្រឹមសូន្យពីចំនួនប្រហែល ២០០ដុល្លារអាម៉េរិកក្នុងមួយតោននោះត្រូវបានដាក់ចេញដោយប្រទេសផលិតប្រេងដូងធំជាងគេរបស់ពិភពលោកមួយនេះកាលពីខែកក្កដា ដើម្បីជំរុញការនាំចេញ និងកាត់បន្ថយការផ្គត់ផ្គង់លើសពីតម្រូវការនៅក្នុងទីផ្សារក្នុងស្រុក៕

ប្រភព៖ ក្រសួងព័ត៌មាន