បរទេស៖ អាជ្ញាធរថៃបានណែនាំដល់សាធារណជនឱ្យមានការប្រុងប្រយ័ត្នចំពោះជំងឺមួយចំនួន ដូចជាជំងឺគ្រុនឈាម ជំងឺទាក់ទងដៃ-ជើង-មាត់ និងជំងឺផ្សេងៗទៀតដែលអាចនឹងកាន់តែកើតមានខ្លាំងនៅក្នុងរដូវវស្សា។
អ្នកនាំពាក្យរងរដ្ឋាភិបាលថៃ លោកស្រី ត្រៃស៊ូរី តៃសារ៉ាណាគុល បានជំរុញឱ្យប្រជាពលរដ្ឋទៅជួបគ្រូពេទ្យជាបន្ទាន់ប្រសិនបើពួកគេមានអាការៈគ្រុនក្តៅខ្លាំងលើសពីពីរថ្ងៃ ហើយជាពិសេសប្រសិនបើពួកគេមានការឈឺក្បាលជាប់រហូត ឈឺសាច់ដុំ និងមានចំណុចក្រហមតូចៗនៅលើដងខ្លួន និងអវយវៈ។ លោកស្រីក៏បានណែនាំផងដែរឱ្យធ្វើការលុបបំបាត់កន្លែងមូសពង និងគ្របធុងទឹកដើម្បីកុំឱ្យសត្វល្អិតអាចពងនៅក្នុងនោះបាន។
យោងតាមរបាយការណ៍ពីនាយកដ្ឋានគ្រប់គ្រងជំងឺ (DDC) បានឱ្យដឹងថា ប្រជាជនជាង ១៦ ០០០នាក់បានឆ្លងជំងឺគ្រុនឈាមចាប់តាំងពីដើមឆ្នាំនេះមក ដោយក្នុងនោះមាន ១៤នាក់បានស្លាប់ដោយសារជំងឺនេះ។
អ្នកនាំពាក្យរងរូបនោះបាននិយាយបន្ថែមថា មន្ត្រីនានាក៏មានការព្រួយបារម្ភផងដែរចំពោះការផ្ទុះឡើងនៃជំងឺដៃ-ជើង-មាត់ ក្នុងចំណោមកុមារតូចៗដែលអាចកើតមានកាន់តែខ្លាំងក្នុងរដូវវស្សា។ ជំងឺនេះបណ្តាលឱ្យមានអាការៈក្តៅខ្លួន អស់កម្លាំង ពងបែកក្រហមនៅលើអណ្តាត និងអញ្ចាញធ្មេញ និងមានពងបែកថ្លានៅលើដៃ និងជើងរបស់អ្នកជំងឺ។ លោកស្រីបានណែនាំដល់មាតាបិតា និងគ្រូបង្រៀនឱ្យតាមដានសុខភាពកូនៗរបស់ពួកគេឱ្យបានដិតដល់ និងស្វែងរកការព្យាបាលភ្លាមៗនៅពេលពួកគេសម្គាល់ឃើញរោគសញ្ញាទាំងនេះ៕
ប្រភព៖ ក្រសួងព័ត៌មាន